ការចូលរួមផ្សព្វផ្សាយរបស់សារព័ត៌មាន គឺជារឿងសំខាន់ដើម្បីធ្វើ ឱ្យកីឡាមានការរីកចម្រើន !!!

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការចូលរួមផ្សព្វផ្សាយរបស់សារព័ត៌មាន គឺជារឿងសំខាន់ ដើម្បីធ្វើឱ្យកីឡាមានការរីកចម្រើន។    នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី បិទ “ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២២” នាសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កីឡានាំមកនូវសុខភាព ហើយកីឡាក៏បានដើរតួនាទីយ៉ាងសំខាន់និងជាយានក្នុងការអភិវឌ្ឍសង្គមពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម”។  ឯកឧត្តមបន្តថា ដូចនេះ ការចូលរួមផ្សព្វផ្សាយពី វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជារឿងសំខាន់ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាប្រទេសដទៃទៀត ដែលធ្វើឱ្យវិស័យកីឡាអាចអភិវឌ្ឍន៍ទៅមុខបាន ជាពិសេសការត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ ដែលមានមនុស្សរាប់ម៉ឺននាក់ចូលមកកម្ពុជាយើង ។   ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សប្បុរសជន និងប្រជាជន សូមចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារៈ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣។ នាឱកាសនោះដែរ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមដំបូលនៃសន្តិភាពវិស័យកីឡា និងចលនាអូឡាំពិកកម្ពុជា បានបោះជំហានស្វាហាប់ និងសកម្មបំផុតឆ្ពោះទៅសមាហរណកម្មកម្រិតសមត្ថភាពកីឡាកម្ពុជាទៅក្នុងតំបន់ ទ្វីប និងពិភពលោក។ ការរីកចម្រើនលូតលាស់ឆាប់រហ័ស និងផុសផុលក្នុងសង្គមដោយមានចំណាប់អារម្មណ៍និងការចូលរួមសកម្មភាពកីឡារបស់យុវជន និងប្រជាពលរដ្ឋ ដែលបានបង្ហាញពីការដឹកនាំត្រឹមត្រូវ និងប៉ិនប្រសព្វ ជាមួយគោលនយោបាយកីឡាច្បាស់លាស់របស់រាជរដ្ឋាភិបាល ទើបវិស័យកីឡាជាតិទទួលបាននូវសមិទ្ធផលការងារគួរជាទីមោទនៈបែបនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *