ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បិទកិច្ចសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ការិយបរិច្ឆេទ ២០២១ និង បណ្តាឆ្នាំពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឡើងអានរបាយការណ៍ស្វាគមន៍និងរាយការណ៍អំពីលទ្ធផលការងារ រយះពេល៦ខែ ដើមឆ្នាំ២០២២ ស្តីពីការបង្ក្រាបបទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ -បទល្មើសព្រហ្មទណ្ឌ -សន្តិសុខសណ្តាប់ធ្នាប់សាធារណ: -សន្តិសុខព្រំដែន -បទគ្រោះថ្នាក់ចរាចរណ៍ -បទល្មើសជួញដូរគ្រឿងញៀន -បទល្មើសជួញដូរមនុស្ស -បទល្មើសទំនិញគេចពន្ធ -ការផ្តល់សេវាសាធារណ:ផ្សេងៗ និងការកសាងអង្គភាព។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក៏បានថ្លែងនូវការកោតសរសើ ចំពោះលោកស្នងការ និងលោក លោកស្រីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ សម្រេចបានលទ្ធផលល្អគួជាទីមោទន:។ ក្នុងនោះឯកឧត្តមក៏បាន ផ្តល់អនុសាសន៍ កែលម្អរចំនុចខ្វះខាតមួយចំនួន ដើម្បីឲ្យលទ្ធផលការងារនៅឆ្នាំបន្ទាប់កាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត ក៏បានអំពាវនាវដល់លោកស្នងការ ត្រូវជម្រុញដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធ មេបញ្ជាការវរ:នគរបាលការពារព្រំដែន លោកអធិការដ្ឋានក្រុង-ស្រុក និងប៉ុស្តិ៍ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីធ្វើប្លង់ដី ទ្រព្យសម្បត្តិរដ្ឋ ដើម្បីបញ្ចៀសការបាត់បង់និងការំលោភ។ ត្រូវបន្តបំពេញតួនាទី ភារកិច្ចឲ្យបានល្អប្រកបដោយគុណភាព លើសពីនេះត្រូវមានសមគ្គីភាពផ្ទៃក្នុងទើបការងារកាន់តែរីកចម្រើន៕