ខេត្តសៀមរាប៖ក្រោយពីមានចំណាត់ការបង្ក្រាបបទល្មើសនេសាទ ដ៏ក្ដៅគគុករបស់រាជរដ្ឋាភិបាលតំបន់ទន្លេសាបមានសភាពស្ងប់ស្ងាត់មួយរយៈពេលខ្លីតែមកដល់បច្ចុប្បន្ននេះបានកក្រើកឡើងវិញជាបណ្ដើរៗហើយតាមខេត្តនិងស្រុកមួយចំនួន ជាក់ស្ដែងនៅស្រុកជីក្រែងនៃខេត្តសៀមរាបមានបទល្មើសនេសាទយ៉ាងគឃ្លើនពេញបន្ទុក ចាប់ពីស្រុកជីក្រែងតំបន់សេកដេក តំបន់ចងសេះ តំបន់អូរជ្រៅ តំបន់ភូមិថ្មី ព្រែកប្រស់ ភូមិឬស្សីឡូ ប្រាំពីរភូមិ ទួលឡាវ ក្រែងនរា ស្ពានត្នោត ត្រពាំងសម្លរ រហូតចូលដល់ឃុំអន្លង់សំណរនិងភូមិមាត់ខ្លាព្រំប្រទល់ស្រុកជីក្រែង ឃើញថាបទល្មើសនេសាទមានសភាពកក្រើកឡើងវិញយ៉ាងព្រោងព្រាតពាសពេញផ្ទៃទឹកដែលមានឧបករណ៍នេសាទដូចជា របាំង សៃយ៉ឺន សាច់ដៃ អួនក្រឡាញឹកដាក់យ៉ាងអាណាធិបតេយ្យ។
សកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងស្រុកជីក្រែងដែលគ្រប់គ្រងដោយនាយសង្កាត់ជលផលលោក ជុំ សុភាព ចំណែកឯឃុំអន្លង់សំណរ ក្រោមការគ្រប់គ្រងដោយលោក អ៊ុយ វណ្ណី នាយសង្កាត់ទាំងពីរ ស្ថិតក្រោមការគ្រប់គ្រងដោយលោក នាយផ្នែកជលផល សូ ម៉ាប់ បានបើកភ្លើងខៀវអោយបទល្មើសនេសាទយ៉ាងពេញបន្ទុករកស៊ីដោយសេរីដោយផ្គើននិងអនុសាសន៍របស់រាជរដ្ឋាភិបាល ប្រភពពីរអ្នកនេសាទខ្លះបានបង្ហើបឲ្យដឹងថាពួកគាត់អាចរកនេសាទបានដោយសារបង់ឲ្យជំនាញបើពុំដូច្នោះទេមិនអាចរកនេសាទបាននោះឡើយ ហើយរបៀបរកបង់តិចបង់ច្រើនតាមខ្នាតតូចខ្នាតធំកន្លែងរៀងៗខ្លួន។
មហាជនលើកឡើងថាក្រោយពីចំណាត់ការរបស់រាជរដ្ឋាភិបាលកន្លងមកឃើញថាបទល្មើសនេសាទមានសភាពថមថយស្ងប់ស្ងាត់ល្អ តែមិនបានប៉ុន្មានខែផងស្រាប់តែចាប់ផ្ដើមកក្រើកឡើងវិញហើយជាពិសេសគឺទឹកដីស្រុកជីក្រែងនេះតែម្ដងដែលគ្រប់គ្រងដោយលោកនាយផ្នែក សូ ម៉ាប់ អាស្រ័យហេតុនេះសូមលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ លោក ទៀ គឹមសុទ្ទ មេត្តាចាត់ចំណាត់ការដល់កូនចៅថ្នាក់ក្រោមផងទាន!បើបណ្ដែតបណ្ដោយតែយ៉ាងនេះច្បាស់ជារលាយហើយ និង សូមស្នើរដល់ថ្នាក់ដឹកនាំជាតិឯកឧត្តម ឌិត ឌីណា ដែលទើបទទួលបានតំណែងថ្មីជារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ជំនួសលោក វេង សុខុន សូមលោកបញ្ចេញស្នាដៃកណ្តាប់ដៃដែកចំណាត់ការក្តៅទៅលើមន្ត្រីខិលខូចមួយចំនួនតូចនៅតាមខេត្តនៃបឹងទន្លេសាបផងទាន! ព្រោះបច្ចុប្បន្នបទល្មើសនេសាទមិនបានស្ងប់ស្ងាត់ដូចមួយរយៈខ្លីមុនទេគឺកក្រើកឡើងវិញស្ទើរគ្រប់ស្រុកនៅក្នុងខេត្តសៀមរាប៕
អង្គភាពយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាមទៅនាយសង្កាត់ទាំងពីរដែរតែគ្មានការឆ្លើយតប ចំណែកលោកនាយផ្នែកសូម៉ាប់គ្មានលេខទំនាក់ទំនង។យើងខ្ញុំរង់ចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធ..(នៅមានត)