ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មការជាតិគ្របគ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹក និងដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ស្ថិតក្នុង ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី និងបានចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងហើយមានជីវភាពខ្វះខាត នៅក្នុងក្រុងសិរីសោភ័ណ ចំនួន ១២១គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។
ឯកឧត្តម គន់ គីម បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕