ខេត្តបន្ទាយាមានជ័យ ៖ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអាវរងា សម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងតាមព្រំដែន នៅទិសយោធភូមិភាគទី៥ ស្ថិតនៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ និងពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងពីរ និងថ្លែងអំណរគុណ កោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស ទោះក្នុងប្រទេសមានសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ស្រែដំណាំ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធបានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យទៅ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរពអនុវត្តរាល់បទបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍ដ៍លំបាក។
ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញប្រគល់អាវរងារ អំណោយជាសម្ភារ និងថវិកា ជូនអង្គភាពកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅក្នុងខេត្តបន្ទាយមានជ័យ សរុបចំនួន ១២អង្គភាព៕