ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ .ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញពិនិត្យមើលនិងរៀបចំទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ គាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាពនៅផ្លូវវាងក្រុងសិរីសោភ័ណ ដែលក្រុមការងារបានរៀបចំជូន ដោយឡែកនៅសង្កាត់ព្រះពន្លាចំនួន៥ គ្រួសារ នៅបេនឡានក្រុងសិរីសោភ័ណ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឲ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំងជាការព្រួយបារម្ភណាមួយ ឯកឧត្តមរំលឹកថា សូមបងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាពឲ្យបានល្អដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតមានអនាម័យល្អ ។
សូមបញ្ជាក់ថា ស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃនេះក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើអោយស្ថានភាពមានការកើនឡើង កន្លែងខ្លះមានការជន់លិចផ្លូវ និងហូរកាត់ផ្លូវ បងប្អូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរស់នៅតាមមាត់ស្ទឹងមង្គលបូរី ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខណៈ:ស្ថានភាពទឹកស្ទឹងកើនឡើងលិចផ្លូវលំចូលទៅផ្ទះ មានការលំបាក ទើបគាត់សម្រេចចិត្តឡើងមកទីទួលសុវត្ថិភាព ៕