ខេត្ដស្ទឹងត្រែង ៖ ទីតាំងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង ដុះស្លែដ៏ធំមួយកន្លែងបាននឹង កកំពុងតែប្រមូលផ្ដុំគ្នាលេងភ្នាល់ដាក់លុយយ៉ាងគគ្រឹក គគ្រេងដោយមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសោះឡើយ ដែលមានទីតាំងតាមផ្លូវជាតិលេខ៧៨ ចេញពីរង្វង់មូលអូរពងមាន់ចំងាយ ១២០០ ម៉ែត្រ នៅចំនុចភូមិរាជានុគោល សង្កាត់រាជានុគោល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
តាមប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់និងអាប៉ោង បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់និងអាប៉ោងនេះគឺបើកលេងជាយូរណាស់មកហើយ ម្យ៉ាងវិញទៀតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាបនោះទេ ដោយម្ចាស់ទីតាំងបានរត់ការគ្រប់ច្រកល្ហកអស់ហើយពោលគឺ លេងបានដោយសេរី ។
ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះករពពាក់ពពួនគ្នាដូចហែកឋិន ដោយមិនខ្លាចញញ្ញើតអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ ។
ពលរដ្ឋមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយម្ចាស់ទីតាំងអស់ហើយទេដឹងទើបបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានយ៉ាងគគ្រឹកគគ្រេងបែបនេះសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធប្រហែលត្រូវថ្នាំសណ្ដំដុល្លា $ $ ហើយមើលទៅបានជាម្ចាស់ទីតាំងបើកលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានយ៉ាងគគ្រឹកគគ្រេងបែបនេះ។
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសផ្សេងៗមានដូចជា៖ចោរកម្ម លួច ឆក់ ប្លន់ និង កេីតករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គមក៏ដូចក្នុងមូលដ្ឋានផងដែរ ក្នុងករណីខាងលើនេះដែរ សារព័ត៌មានជាច្រើនអង្គភាព មិនអាចសុំការបំភ្លឺពី លោក ឈួក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែងបានទេព្រោះថាឲ្យតែឮអ្នកសារព័ត៌មានគឺលោកចុចបិទទូរស័ព្ទតែម្ដង។
ប្រជាពលរដ្ជ ក៏បានសំណូមពរ មកអង្គភាព សារព័ត៌មាន (គេហទំព័រ ខេមបូឌា ស្តាដេលីញូយ៍) យើងខ្ញុំ សូមជួយចុះផ្សាយរឿងជល់មាន់ និង អាប៉ោងខាងលើនេះផង ដើម្បីអោយព័ត៌មានមួយនេះ បានដល់ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និង លោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្ដស្ទឹងត្រែង បានដឹង និង សូមកុំមើលរំលងភាពអសកម្មរបស់ លោក ឈូក កុម៉ល់ ដែលជាអធិការនគរបាលក្រុងស្ទឹងត្រែង សូមឯកឧត្តមទាំងពី ចាត់វិធានការផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
ជុំវិញការចុះផ្សាយព័ត៌មានខាងលើ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថា ព័ត៌មានមួយនេះមិនមានភាព សុក្រឹត និងយុត្តិធម៌ សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំ រងចាំធ្វើការផ្សាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕