ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗ ក្នុង និងក្រៅប្រទេស ពិសេសជំងឺកូវីដ-១៩ និងជំងឺអុតស្វាដែលជាប្រភេទជំងឺឆ្លងថ្មី ដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការ។
លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានដាស់តឿនស្មារតីដល់ នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យទាំងអស់ ត្រូវគោរព និងអនុវត្តឲ្យបាននូវបទវិន័យ បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់ចរាចរណ៍ផ្លូវគោក ចៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាត្រៀមជួយប្រជាពលរដ្ឋ រាល់យថាហេតុណាមួយដែលបង្កឡើងដោយគ្រោះធម្មជាតិ ជាពិសេស ជំងឺកូវីដ-១៩ប្រភេទថ្មី BA4, BA5 និងជំងឺអុតស្វាដ៏កាចសាហាវ ដោយបន្តអនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ នូវវិធានការ ៣ការពារ ៣កុំជាប់ជាប្រចាំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត បានថ្លែងអំណរគុណដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដែលបានបំពេញនូវតួនាទីភារកិច្ចតាមផែនការថ្នាក់លើ និងខិតខំការពារជាតិមាតុភូមិ ការពារសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលខុសត្រូវ៕