ពលរដ្ឋងាយរងគ្រោះសរុប២៥៦គ្រួសារ មកពីភូមិចំនួន២បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា.!!!

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តំណាង ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយស សាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា នាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ សរុប ២៥៦ គ្រួសារ មកពីភូមិចំនួន២ ដែលរស់នៅលើទំនប់អាងភាស ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយក្តីនឹករលឹកជាទីបំផុត។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបាត់ដំបង ព្រមទាំងសប្បុរសជននានាដែលបានចូលរួម បរិច្ចាគ ធនធាន ថវិកាប្រកបដោយទឹកចិត្តជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីអោយសាខាខេត្ត អាចបន្តចុះបំពេញសកម្មភាពមនុស្សធម៌បានដូចនាពេលនេះ និង បន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងបន្តថាកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺវត្តមានកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុតមិនអាចខ្វះបានឡើយ ជាជំនួយការអោយអាជ្ញាធរ សាធារណៈ ក្នុងគោលដៅជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ ហើយលើសពីនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និង ងាយរងគ្រោះបំផុត នៅទូទាំងប្រទេស ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជាប្រចាំ។

ឯកឧត្តម សុខ លូ ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពអោយបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យ ក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយ ធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំអោយ មូសខ្លា ខាំ ត្រូវគេងក្នុងមុងជានិច្ច និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ថ្វីបើរាជរដ្ឋាភិបាលទុកអោយប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តពាក់ម៉ាស់ ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ អោយបានគ្រប់ៗគ្នា ព្រោះថា ប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬ កាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗមាន៖ -អង្ករ ២៥ គីឡូក្រាម,មី ១កេស, ត្រីខ១០កំប៉ុង,ទឹកបរិសុទ្ធវីឃែរ១កេស ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ ,ហើយក្នុងនោះដែរ ក្រុមការងារក៏បានប្រគេនទេយ្យទានចំពោះព្រះសង្ឃវត្តសឹង្ហារាម ហៅវត្តអាងភាស មានដូចជា-អង្ករ១០០គីឡូក្រាម,មី៤កេស ត្រី៤យួរ ,ទឹកត្រី៤យួរ ,ទឹកស៊ីអ៉ីវ៤យួរ ,ទឹកបរិសុទ្ធ ១០កេស, និងបច្ច័យមួយចំនួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *