ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ឧត្ដមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី អមដំណើរដោយឯកឧត្តមលី រដ្ឋា ឯកឧត្ដម សាប់តារា និងឯកឧត្ដមជួប រ៉ាឌូ បានចុះសួរសុខទុក្ខ និងពាំនាំយកនូវព្រះអំណោយដ៏ថ្លៃថ្លាចែកជូនដល់ប្រជានុរាស្ត្រក្រីក្រស្ថិតក្នុងភូមិជេីងអង ឃុំកណ្តុលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ស្ថិតក្នុងឱកាសប្រកបដោយក្តីអំណរ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែនសព្វព្រះទ័យជ្រះថ្លា និងសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមាន ព្រះមេគណខេត្ត ព្រះចៅអធិការ លោកអាចារ្យ លោកមេឃុំ លោកមេភូមិ អជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បានរួមសាមគ្គីទទួលស្វាគមន៍ បដិសណ្ឋារកិច្ច យ៉ាងកក់ក្ដៅបំផុតហើយ បានសំណេះណាលសាកសួរសុខទុក្ខអំពីជីវភាពរស់នៅ និងការប្រកប របរអាជីវកម្ម របស់បងប្អូនប្រជានុរាស្ត្រ នៅក្នុងតំបន់នោះ ប្រកបដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹមដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងឯកឧត្ដម ទីប្រឹក្សាផ្ទាល់ និងសហការីបានពាំនាំយកនូវព្រះអំណោយចែកជូនដល់ស្រ្តីទុគ៌តខ្វះទីពឹង ជនពិការ និងចាស់ជរាក្រីក្រ ខ្វះខាតដើម្បីរួមចំណែកជួយសម្រាលដល់ជីវភាពការរស់នៅរបស់ពួកគាត់។
ព្រះអំណោយដែលត្រូវចែកជូនដល់បងប្អូនប្រជានុរាស្ត្រចំនួន៣០០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ និងថវិកា២ម៉ឺនរៀលសម្រាប់៧០គ្រួសារ។ ចំណែក២៣០គ្រួសារផ្សេងទៀតទទួលបានកញ្ចប់ថវិកាក្នុងមួយគ្រួសារចំនួន៣ម៉ឺនរៀល ព្រមទាំងថវិកាជូនលោកមេឃុំ មេភូមិ ប្រជាការពារ និង បានប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងទីអារាមវត្តនោះផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ អ្នកអង្គម្ចាស់ មានបីតិសោមនស្សរីករាយពន់ពេកចំពោះការទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹមរួបរួមសាមគ្គីគ្នាបំពេញបុណ្យកុសលជូនដល់បុព្វបុរសគ្រប់ជំនាន់ និង សូមលើកហត្ថាប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហានគរ សូមអោយប្រជានុរាស្ត្រគ្រប់រូប សមប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនរុងរឿង រួចចាកផុតពីរោគាព្យាធិ ឬ អន្តរាយផ្សេងៗ ដោយអានុភាពនៃគុណបុណ្យបុព្វបុរស និង ទេវតាឆ្នាំថ្មី សូមជួយថែរក្សាការពារ អភិបាលប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើគ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទានមានបានគ្រប់ក្រុមគ្រួសារ និង ទាំងព្រះមេគណខេត្ត ព្រះចៅអធិការ លោកអាចារ្យ លោកមេឃុំ លោកមេភូមិ អជ្ងាធរមូលដ្ឋាន និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអរយ៉ាងពន់ពេកចំពោះវត្តមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន និង ឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បានយាង និងអញ្ចើញមកដល់មូលដ្ឋានប្រជានុរាស្ត្រក្រីក្រដោយផ្ទាល់ និងសូមថ្លែង អំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួយដល់ប្រជានុរាស្រ្តខ្វះខាតបន្ថែមទៀត។
ជាទីបញ្ចប់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន សូមផ្តាំផ្ញើដល់បងប្អូនប្រជានុរាស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាងមហានគរដ៏បវរមួយនេះអោយបានរុងរឿង ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕