ខេត្តព្រៃវែង៖ ចាប់ផ្តើមបើកឡើងវិញហើយកាស៊ីណូ ស្វាយអាង៉ោង ឃើញតែពលរដ្ឋខ្មែរប្រមូលផ្តុំគ្នាចូលទៅលេងភ្នាល់ល្បែង ប្រជល់មាន់ ដាក់ប្រាក់រាប់ពាន់ដុល្លារ ក្នុងមួយគូៗ មិនមានជនជាតិបរទេស ចូលលេងនោះទេ ហើយក៏មិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ប្រចាំការនៅច្រកព្រំដែននោះ ធ្វើការបង្ក្រាបដែរ សង្ស័យបានទទួលលាភសក្ការៈពីម្ចាស់ កាស៊ីណូ ស្វាយអាង៉ោង លើតុ ក្រោមតុ អស់ហើយមើលទៅ។ សូមបញ្ជាក់ផងដែរថា៖ កាស៊ីណូ ស្វាយអាង៉ោង មានទីតាំងស្ថិតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ មហាជនគ្រប់មជ្ឈដ្ឋាន រស់នៅឃុំចាម ស្រុកកំពង់ត្របែក បាននាំគ្នារិះគន់ចំៗទៅលើ អាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធថា៖ តើច្បាប់អនុញ្ញាតអោយបើក កាស៊ីណូ នីមួយៗ បណ្តោយអោយប្រជាពលរដ្ឋខ្មែរ ចូលទៅលេងល្បែងស៊ីសងដាក់ប្រាក់ដែរឬទេ? តែសម្រាប់អស់លោកធ្វើការជាមន្រ្តីរាជការ ប្រាកដជាដឹងច្បាស់ជាងប្រជាពលរដ្ឋហើយ.???។
ដោយយោងតាមប្រភពពីពលរដ្ឋបានអោយដឹងថា៖ ថៅកែ កាស៊ីណូ ស្វាយអាង៉ោងមានឈ្មោះ ថា តាចូវ នឹងមានមេការឈ្មោះ តី ជាអ្នកសម្របសម្រួល បើកដៃអោយប្រជាពលរដ្ឋខ្មែរដែលញៀនល្បែងស៊ីសង ចូលទៅលេងក្នុងកាស៊ីណូរបស់ខ្លួនយ៉ាងគគ្លើន ហ៊ានផ្គើននិងប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គ្មានប្រសិទ្ធភាពមែនទេ? ទើបបានជាម្ចាស់ការ កាស៉ីណូមួយនេះ អនុវត្តផ្ទុយពីគោលការណ៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ.!។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមពិនិត្យឡើងវិញផង ព្រោះបច្ចុប្បន្ន ឃើញមានតែប្រជាពលរដ្ឋខ្មែរ នាំគ្នាសម្រុកចូល ទៅលេងល្បែង ជល់មាន់ និងល្បែងផ្សេងៗ ទៀត យ៉ាងអណាធិបតេយ្យ នៅក្នុង កាស៉ីណូ ស្វាយអាង៉ោង ៕