ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅទល់មុខខាងកើតខ្លោងទ្វារ វត្តសាមគ្គីរង្សី ចម្ងាយ ១៥០ ម៉ែត្រ នៅតាមបណ្ដោយផ្លូវ លេខ៣០ ក្រុម៤ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពបើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ប្រហែលអសមត្ថភាពក្នុងការបង្ក្រាបទីតាំងល្បែងមួយនេះហើយមើលទៅ! ឬមួយខ្លាចប៉ះពាល់ឆ្នាំងហើយបានជាមិនបង្ក្រាប?
ដោយយោងតាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា ÷ ទីតាំងល្បែងខាងលើនេះ នៅក្នុងទឹកដី ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងប្រមូលផ្តុំក្រុមអ្នកញៀនល្បែងចូលលេង(ភ្នាល់ចាក់លុយ) រាប់ លាន រៀល និង ឈានដល់ទៅ រាប់ពាន់.ដុល្លារ ចាញ់ឈ្នះ បានយ៉ាងរំភើយទៀតផង! ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ កំពុងនាំគ្នាព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ដូចជា បទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ។ល។
គួរំលឹកផងដែរថា ៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ តែផ្ទុយទៅវិញ ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនេះហ៊ានបើកដំណើរការលេងបានជារៀងរាល់ថ្ងៃ ឬមួយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានទទួលលាភសក្ការៈពីម្ចាស់ទីតាំងមួយកន្លែងនេះ រួចហើយទេដឹង? ទើបទីតាំងនេះហ៊ានបើកលេងបានទៅដោយរលូនយ៉ាងដូច្នេះ។
ប្រជាពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការចាត់កម្លាំងជំនាញក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ ឬមួយ បង្ក្រាបទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់នៅក្នុងមូលដ្ឋានភូមិខាងលើនេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផងទាន ៕