ក្រុមគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភាអាមេរិកជំរុញឲ្យប្តឹងទម្លាក់លោកប្រធានាធិបតី Trump ពពីតំណែង !!!!!
ដោយះ លោក ឡាយ សុជាតិ
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១
ព័ត៌មានអន្តរជាតិ
រដ្ឋធានីវ៉ាស៊ីនតោន:
ក្រុមគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាសហរដ្ឋអាមេរិក បានជំរុញកាលពីថ្ងៃអាទិត្យឲ្យប្តឹងទម្លាក់លោកប្រធានាធិបតី Donald Trump ចេញពីតំណែង ដែលលោកនៅកាន់តំណែងជាប្រធានាធិបតីតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ ពួកគេបានអះអាងថា លោក Trump ត្រូវតែទទួលខុសត្រូវចំពោះភាពច្របូកច្របល់កាលពីថ្ងៃពុធសប្តាហ៍មុន ដែលបានធ្វើឲ្យមនុស្ស៥នាក់ស្លាប់នៅវិមានសភា នៅពេលដែលពួកអ្នកគាំទ្រលោកប្រធានាធិបតី ដែលឥតសណ្តាប់ធ្នាប់ បានរុញច្រានប៉ូលិសដើម្បីចូលក្នុងអគារសភា។
ការសម្រេចចុងក្រោយមិនទាន់បានធ្វើនៅឡើយទេ។ ក៏ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោកស្រី Nancy Pelosi ប្រធានរដ្ឋសភា គ្រោងនឹងដាក់ស្នើសេចក្តីសម្រេចនៃការប្តឹងចោទប្រកាន់ទម្លាក់ពីតំណែងនៅថ្ងៃច័ន្ទនេះ ដោយចោទប្រកាន់លោកប្រធានាធិបតី Trump ពីការញុះញង់ឲ្យមានការបះបោរនៅក្នុងការខំប្រឹងប្រែងមិនបានជោគជ័យ ដើម្បីរារាំងសភាមិនឲ្យប្រកាសលទ្ធផលការបោះឆ្នោតនៃអង្គបោះឆ្នោតដែលផ្តល់ជ័យជម្នះដល់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។
លោក Biden មិនបានពាក់ព័ន្ធនឹងចំណាត់ការនៃការប្តឹងទម្លាក់ចេញពីតំណែងប្រឆាំងនឹងប្រធានាធិបតី ដែលមិនទាន់បានប្រកាសចាញ់ការបោះឆ្នោតទេ។ ក៏ប៉ុន្តែលោក Trump បានទទួលស្គាល់ថា នឹងមានរដ្ឋបាលថ្មីមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២០ ខែមករាខាងមុខ។
លោក Biden បានបញ្ជាក់នៅក្នុង Twitter កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «ក្នុងរយៈពេល១០ថ្ងៃទៀត យើងនឹងស្ថាបនាប្រទេសឡើងវិញជាមួយគ្នា»៕
ដោយះ គេហទំព័រ ខេមបូឌាស្ដារដេលីញូវ
https://www.cambodiastardialynrews.com/