ជនសង្ស័យ២៨នាក់ ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតីហៃទី ក្នុងនោះមានជនជាតិកូឡុំប៊ី២៦នាក់ អាមេរិកាំង១នាក់ និងហៃទី ១នាក់ !!!
ចេញផ្សាយ:ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
www.cambodiastardailynews.com
ចាងហ្វាងការផ្សាយ:092 917708/097 5656393
ព័រអូព្រីន៖ ជនសង្ស័យយ៉ាងហោចណាស់ ២៨នាក់ត្រូវបានប៉ូលិសកំណត់ថា បានជាប់ពាក់ព័ន្ធករណីធ្វើឃាតប្រធានាធិបតីហៃទីលោក ចូវែណែល ម៉ូអ៊ីស (Jovenel Moise) ក្នុងនោះមានជនជាតិកូឡុំប៊ី ២៦នាក់, អាមេរិកាំងម្នាក់ និងហៃទីម្នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។
លោក ឡេអន ឆាលស៍ (Leon Charles) អគ្គមេបញ្ជាការប៉ូលិសជាតិហៃទី បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយថា (យើងបានចាប់ខ្លួនជនជាតិកូឡុំប៊ីសរុប ១៥នាក់ហើយ រួមទាំងជនជាតិអារិកាំងម្នាក់ និងហៃទីម្នាក់ផងដែរ។ ដោយឡែកជនជាតិកូឡុំប៊ី ០៣នាក់ទៀតត្រូវបានសម្លាប់ ខណៈ ០៨នាក់ទៀតកំពុងស្ថិតក្នុងការតាមរក) ។
សូមបញ្ជាក់ ៖ កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅទីក្រុងព័រអូព្រីន) ជនសង្ស័យចំនួន ០៤នាក់ត្រូវបានបាញ់សម្លាប់ ប៉ុន្តែជុំវិញករណីនេះ មេប៉ូលិសជាតិហៃទីខាងលើ មិនបានធ្វើការពន្យល់នោះឡើយ។ យ៉ាងណាក៏ដោយ ប៉ូលិសហៃទីនបានបង្ហាញថា អាវុធ និងឧបករណ៍នានាដែលត្រូវបានប្រើប្រាស់ ក្នុងការធ្វើឃាតប្រធានាធិបតី ម៉ូអ៊ីស ត្រូវបានរកឃើញ។
ប្រធានាធិបតីហៃទីលោក ចូវែណែល ម៉ូអ៊ីស ត្រូវបានគេបាញ់់សម្លាប់ នៅក្នុងលំនៅឋានផ្ទាល់ខ្លួនរបស់លោក ស្ថិតនៅជាយរដ្ឋធានី ព័រអូព្រីន កាលព្រឹកព្រហាមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងព័រអូព្រីន)។ នៅក្នុងហេតុការណ៍នោះ ភរិយារបស់លោកបានទទួលរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយពេលនេះកំពុងស្ថិតក្នុងស្ថានភាពនឹងនរ។
- ហេតុការណ៍ ដែលនាំឲ្យពិភពលោកភ្ញាក់ផ្អើលបំផុតនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនកំពុងធ្វើទំនាក់ទំនងជាប្រចាំ ជាមួយមន្ត្រីរដ្ឋាភិបាលហៃទី ក្នុងនោះរួមទាំងការស៊ើបអង្កេតផងដែរ ហើយសហរដ្ឋអាមេរិក នឹងជួយហៃទីជុំវិញករណីនេះ។ យ៉ាងណាក៏ដោយ អាមេរិកមិនបានរំលឹកអំពីពលរដ្ឋខ្លួន ដែលត្រូវបានប៉ូលិសហៃទីចាប់ខ្លួននោះឡើយ៕