ខេត្តបន្ទាយមានជ័យ ៖ ដោយមានការដឹកនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជដល់កងកម្លាំងនគរបាលតាមព្រំដែន ត្រូវមានទំនាក់ទំនងជាមួយអាជ្ញាធរនិងសមត្ថកិច្ចថៃតាមព្រំដែន និងត្រូវពង្រឹងការទប់ស្កាត់រាល់បទល្មើសតាមព្រំដែនកម្ពុជា-ថៃ កម្លាំងនគរបាលក្រោមឱវាទបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ដោយស្មារតីទទួលខុសត្រូវ។
រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ បានដឹកនាំកម្លាំង៧នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំទី១ បានជួបពិភាក្សាជាមួយទាហាន (ព្រាន) ឈុតខ្មៅថៃ កងអនុសេនាធំ ១៣០៥ ដែលឈរជើងដឹកនាំដោយលោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់មួបាន ។
ជំនួបពិភាក្សាទ្វេភាគីរវាងកងទ័ពកម្ពុជា-ថៃ ថ្ងៃនេះ គឺធ្វើឡើងដើម្បីបង្កើន ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាទៅវិញទៅមក និងបានប្តេជ្ញារួមគ្នា ទប់ស្កាត់បទល្មើសតាមព្រំដែន ទាំងបទល្មើសសេដ្ឋកិច្ច បទល្មើសជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងពលករឆ្លងដែនខុសច្បាប់ជាដើម។
ពិធីនេះធ្វើនៅចំណុចមាត់អូរព្រំដែន (ទឹកដីថៃ) ស្ថិតក្នុងភូមិឃុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕