ខេត្តសៀមរាប ៖ រណ្ដៅដីយក្ស មួយកន្លែង បានឆក់យកជីវិតបុរសម្នាក់ និងស្ត្រីជាប្រពន្ធ រងរបួសស្រាល គ្រាដែលកំពុងបើកឡានដឹកដី ស្រាប់តែ ធ្លាក់រថយន្តចូលទៅក្នុងទឹកស្រះនោះ កាលពី រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមប្រភពព័ត៌មានបានអោយដឹងថា (រណ្ដៅដីដ៏ធំ មានជម្រៅប្រមាណជាង១០ម៉ែត្រ និងមានទំហំជិត៥០ហិចតា) ត្រូវបានគេស្គាល់ថា ម្ចាស់ឈ្មោះ ចែ អេង សុខហ្គិច ជាឈ្មួញរកស៊ីជីកកាយដីលក់,បូមខ្សាច់,កាយភ្នំលក់ ចាស់វស្សាមកហើយ ប្រចាំខេត្តសៀមរាប។
មហាជនមានការងឿងឆ្ងល់ថាតើ ហេតុអ្វី បានជាគេអាចនាំគ្នាជីកកាយយកអាចម៍ដី នៅតំបន់ (៣) ព្រៃលិចទឹកបានយ៉ាងរលូនជាច្រើនឆ្នាំមកហើយ តែមិនមានអាជ្ញាធរពាក់ព័ន្ធអើពើសោះ។ ប្រជាពលរដ្ឋ ក៏ដូចជា ទស្សនៈមហាជនមួយចំនួន បានដាក់ការសង្ស័យថា បើ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រធានរ៉ែថាមពល ខេត្តសៀមរាប មិនបើកដៃអោយក្រុមឈ្មួញជីកកាយ ធ្វើម្តេច ចែ សុខហ្គិច ហ៊ានកាយរណ្តៅដី ជម្រៅជាង១០ម៉ែត្រ និងមានទំហំជិត ៥០ ហិចតា ទៅកើត៕