ចេញផ្សាយ៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .និងលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដោយមានប្រជាពលរដ្ឋល្អបានរាយការណ៍មក កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតយើងថា មានការជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន បានចាត់កម្លាំងជំនាញចុះដល់ចំណុចខាងលើ នៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១-ឈ្មោះ ប្រុស បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។
២-ឈ្មោះ ណយ ពៅ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត។
៣-ឈ្មោះ ញ៉ាន រី ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងរួមមាន ៖
១.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរWYពីលើចំនួន២៣(ម្ភៃបី)គ្រាប់។
២.ម្សៅក្រាមសថ្លា(សង្ស័យសារធាតុញៀន)ចំនួន៧(ប្រាំពីរ)កូនថង់តូច។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់ការតាមនីតិវិធីបន្ត ៕ ដោយៈលោក ឡាយ លីហួរ អ្នកយកព័ត៌មាន