ខេត្តកំពង់ធំ៖ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយយោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា៖ មានទីតាំងល្បែងសុីសង ជល់មាន់ និង អាប៉ោង ខុសច្បាប់ បើកលេងយ៉ាងគគ្រឹកគគ្រេង បានដោយរលូន តែមិនទាន់ឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានចុះមកបង្ក្រាបនៅឡេីយទេ ហើយការបើកលេងល្បែងសុីសងនេះមានទីតាំងស្ថិតនៅខាងត្បូងវត្តចំបក់បញ្ញា ស្ថិតក្នុងភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងនោះបានបន្តអោយដឹងថា៖ ល្បែងសុីសងជល់មាន់ អាប៉ោង និង បៀរ មួយកន្លែងនេះ គឺលេងឡើងដុះស្លែទៅហើយ គឺថា បើកលេងជារៀងរាល់ថ្ងៃ ហើយមានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងភ្នាល់ស៊ីសងដាក់ប្រាក់នៅទីនោះយ៉ាងច្រើនកុះករ ក្នុងមួយគូរៗរាប់លានរៀន ។
ហើយបើប្រភពពីមន្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងដែរថា៖ សង្វៀនជល់មាន់នេះ ជារបស់លោក ខឿន ហើយមានទាំងអ្នកកាងនៅពីក្រោយទៀតផង។ ប្រភព ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្អប់ខ្ពើមល្បែងស៊ីសងនោះ ក៏បានធ្វើសេចក្តីរាយការណ៍ទៅមន្ត្រីមូលដ្ឋានជាច្រើនដងដែរ តែមន្ត្រីមូលដ្ឋានធ្វើមិនដឹងមិនលឺ អ្វីសោះឡើយ បណ្ដោយអោយក្រុមញៀនល្បែងទាំងនោះលេងតាមតែអំពើចិត្តទៅវិញ។
សូមរំលឹកថា កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាអោយមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ទូទាំងប្រទេសកម្ពុជា ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាអោយបាននូវ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង៧ចំណុច របស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
តែដោយឡែកបច្ចុប្បន្ន ទីតាំងល្បែងសុីសងជល់មាន់ នៅចំណុចខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅតែបើកលេងភ្នាល់ដាក់ប្រាក់បានរាល់ថ្ងៃទៅវិញ ?។
ជុំវិញករណីលើនេះដែរលោក យ៉ង សំ អធិការស្រុកស្ទោង តើមានសមត្ថភាពបង្ក្រាប ទីតាំងជល់មាន់ អាប៉ោង បៀរ របស់លោក ខឿន បានដែរឬទេ? បើសារព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយព្រងព្រាតអស់ហើយ។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមមេត្តាចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យបង្ការទប់ស្កាត់និងបង្ក្រាប ទីតាំងល្បែងស៊ីសង
ខាងលើនេះផងទាន ដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕