ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃសុក្រ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង៤០នាទី ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនអូកំបុតចំនួន ០៤នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ហុង ចាន់ មេបញ្ជាការរងទទួលទិស សហការជាមួយ កម្លាំងយោធាកងអនុសេនាធំទី២ របស់សឹករងស្រុកថ្មពួកចំនួន ០៣នាក់ បានធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ចំនួន ០១នាក់ (ប្រុស) និង ជនសង្ស័យចំនួន០២នាក់ (ប្រុស) នៅចន្លោះបង្គោលសីមាលេខ៣១ និង ចំណុចគោលដៅបឹងអំពិល ក្នុងភូមិសាស្រ្ត ភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ឡុង សំណាង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំអោយចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ជូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និង ខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ៕
បច្ចុប្បន្ន ៖ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានធ្វើកិច្ចសន្យា និង ណែនាំស្តីពីការរីករាលដាលជម្ងឺកូវិដ-១៩ រួចបានរៀបចំបញ្ជូនជនសង្ស័យចំនួន០២នាក់ និង ពលករចំនួន០១នាក់ ទៅអោយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោករមៀត ដើម្បីធ្វើការសាកសួរ និង អនុវត្តទៅតាមនីតិវិធីបន្ត ៕ ដោយៈលោកស្រី គង់ ស្រីញ៉