ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ ដឹកនាំដោយ វរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៨ និង៥០នាទី ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ២៣ខ្នង ធ្ងន់ ៨ខ្នង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ផងដែរថា ៖ ទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ កម្លាំងមួយចំនួននៅបន្តឈរជេីងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដេីម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ និងការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ កម្លាំងមួយចំនួនទៀតបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ២៤ម៉ោង លេី ២៤ម៉ោង ៕