យោធិន ចំនួន ៦៣រូប របស់កម្លាំងចម្រុះទិសទី១ ត្រូវបានប្រកាសដំឡើងឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្ដូរមុខងារ !!!

ចេញផ្សាយ៖ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២

ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានប្រារព្ធពីធីបំពាក់ឋានន្តរសក្តិ និងតែងតាំងផ្លាស់ប្ដូរមុខងារយោធិន ចំនួន ៦៣ រូប ដើម្បីឲ្យសមស្របតាមតួនាទីភារកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការយោធភូមិភាគទី៥។

ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងមេបញ្ជាការកងការពាព្រំដែនលេខ៥០៣ មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន នាយទាហានរង របស់កងពលតូចថ្មើរជើងលេខ៥១។

ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានិច្ចជាកាល ឯកឧត្តម តែងតែគិតគូរអំពីសុខទុក្ខសុខមាលភាព ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធចាត់តាំងតួនាទីភារកិច្ច និងដម្លើងឋានន្តរសក្តិ ជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីឲ្យសមស្របតាមក្របខ័ណ្ឌចាត់តាំង និងសមត្ថភាពដឹកនាំរបស់បងប្អូនយោធិនយើងម្នាក់ៗ ក្នុងកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង ទាំងអស់ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងរយៈពេលមួយឆ្នាំនេះ និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការទប់ស្កាត់នូវជំងឺកូវីដ-១៩។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបំពាក់ឋានន្តរសក្កិ និងប្រគល់សេចក្តីសម្រេចតែងតាំងផ្លាស់ប្ដូរមុខងារយោធិន ចំនួន ៦៣រូប និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនយោធិនយើងទាំងអស់ដែលទើបទទួលបានការដំឡើងឋានន្តរសក្កិថ្មី ក៏ដូចជាបានការតែងតាំងផ្លាស់ប្ដូរមុខងារថ្មី សូមឱ្យយកស្មារតីទទួលខុសត្រូវខ្ពស់បំពេញតួនាទីភារកិច្ចឲ្យបានជោគជ័យតាមការប្រគល់ជូនរបស់ថ្នាក់លើ នឹងបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ប្រុងប្រយ័ត្នអោយបានខ្ពស់នូវជំងឺកូវីដ-១៩ថ្មី អូមីក្រុងផងដែរ។

ជាចុងបញ្ជាប់ឯកឧត្តមក៏បានប្រគល់ថវិការសម្រាប់កម្មវិធី ចំនួន ២.០០០.០០០រៀល ឆ្លៀតក្នុងឱកាលនោះផងដែរ មេបញ្ជាការ មេបញ្ជាការរង កម្លាំងចំណុះទិសទី១ បានជូនពរឯកឧត្តម មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងមេបញ្ជការរង នាយសេនាធិការ ក្នុងឱកាសចូលឆ្នាំសកល២០២២ផងដែរ៕

ប្រភព ៖យោធភូមិភាគទី៥

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *