ចេញផ្សាយ៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជនកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះបើមានអាការៈដូចជាក្តៅខ្លួននៅពេលកំពុងចូលប្រឡង លោកគ្រូនៅតាមមណ្ឌលក៏នៅតែអនុញ្ញាតឲ្យចូលប្រឡងដែរ គ្រាន់តែដាក់ឲ្យនៅដាច់ដោយឡែកពីគេ កិច្ចប្រជុំនេះនៅព្រឹក ថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ ២០២១ នៅក្នុងសាលប្រជុំក្នុងមន្ទីរអប់រំ ដោយមានការចូលរួម លោកលីសុ វណ្ណារិទ្ធិ អភិបាលរងខេត្ត អង្គភាពទាំង៣ មន្ទីរជំវិញខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក ឈូប៊ុនរឿងបានមានប្រសាសន៍ក្នុងកិច្ចប្រជុំបន្តទៀតថាក្នុងប្រទេសកម្ពុជា កូវីកូវីដ-១៩កំពុងរីករាលដាលឆ្លងដដែល ការប្រឡងបាក់ឌុប ឆ្នាំនេះក្នុងខេត្តបន្ទាយមានជ័យនៅតែដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជន ណាមានអាការៈក្តៅខ្លួន ក៏ដោយបេក្ខជនរូបនោះនៅតែអនុញ្ញាតឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។
លោកឈូប៊ុនរឿងបានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជំងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ លោកក៏បានជជំរុញឲ្យកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរខេត្តទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុងនិងក្រៅបរិវេណសាលារៀនឲ្យបានល្អប្រសើរ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍។
ក្នុងនោះ លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជននិងកីឡា ដើម្បីធានាសុវត្ថិភាពនៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។បន្ថែមពីនេះត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយ ដើម្បីទទួលព័ត៍មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើការហាមដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលាពាក់ព័ន្ធនឹងការថតចម្លងឯកសារនានាជាដើម។
លោក លី សុវណ្ណារិទ្ធិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងខ្ញុំឲ្យបានដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃច័ន្ទទី២៧ និង២៨ធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងមានចំនួន៧មណ្ឌល ក្នុងនោះមានមណ្ឌល ៖ ១.វិទ្យាល័យសិរីសោភ័ណ
២.វិទ្យាល័យសម្តេចឪ
៣.សាលាបឋមសិក្សាហ៊ុនសែនសូភី
៤.សាកលវិទ្យាល័យ UME
៥.វិទ្យាល័យហ៊ុនសែនខ្លាកូន
៦.វិទ្យាល័យអូរអំបិល
៧.សាកលវិទ្យាល័យមានជ័យ។
សូមបញ្ជាក់ ៖ ក្នុងនោះមានបន្ទប់ប្រឡងមានចំនួន១៩៩ និងបេក្ខជនប្រឡងមានចំនួន៤.៩៤៧នាក់មានបេក្ខជនបំពេញវិទ្យាសរុប ៤១១នាក់ ស្រី៩៧នាក់ បេក្ខជនស្វៃរិនមានចំនួន២៧២នាក់ ស្រី១០៦នាក់។បេក្ខជនយកម៉ូតូមកប្រឡងនោះមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដើម្បីសម្រួលដល់សិស្សដែលមកពីឆ្ងាយ ៕ ដោយ ៖ លោក លឿត ប៉ឹប ប្រធានសាខាខេត្តបន្ទាយមានជ័យ