ចេញផ្សាយ៖ ថ្ងៃទី២៤ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តបន្ទាយមានជ័យ ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី ដឹកនាំដោយលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិកនៅកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក គឹម បញ្ញា មានប្រសាសន៍លើកឡើងថា៖ អង្គការមូលនិធិបង្ការរបួសអាស៊ីកំពុងអនុវត្តកម្មវិធីនានានៅតាមរោងចក្រចំនួន៣៧ ដែលមានគោលដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិកនៅកម្ពុជា។ជាពិសេស ក្នុងគោលបំណងពង្រឹងកាទំនាក់ទំនងជំរុញកិច្ចសហប្រតិបត្តិការការព្រមទាំងបង្កើនសកម្មភាពរួមសំដៅធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកបំពេញការងាររបស់កម្មករនិយោជិកនៅកម្ពុជា បម្រើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
លោកបាន បញ្ជាក់ថា ៖ អង្គការមូលនិធិបង្ការរបួសអាស៊ី បានរំពឹងទុកថានៅឆ្នាំ២០២២ កម្មវិធីទាំងនេះនិងរួមចំណែក៖
១.ផ្ដល់ការបណ្ដុះបណ្ដាលអំពីការបើកបរដោយសុវត្ថិភាពនិងសេដ្ឋកិច្ចភាពដល់អ្នកបើកបររថយន្តដាក់កម្មករទាំងអស់នៅកម្ពុជា។
២.បង្កើតឲ្យមានគោលនយោបាយសុវត្ថិភាពចរាចរណ៍ដោយទទួលការឯកភាពពីស្ថាប័នរដ្ឋាភិបាល និងអនុវត្តតាមរោងចក្រនៅទូទាំងប្រទេស។
៣.ជំរុញការផ្លាស់ប្ដូរពីរថយន្តដឹកទំនិញសម្រាប់យកដឹកកម្មករទៅជារថយន្តដឹកអ្នកដំណើរដោយសុវត្ថិភាព។
៤.ជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសបើកបរម៉ូតូដោយឥតគិតថ្លៃកម្មករនិយោជិត។
៥.លើកទឹកចិត្តឲ្យមានការផ្ដល់មួកសុវត្ថិភាពដោយមិនគិតថ្លៃដល់កម្មករនិយោជិត។
នាក្នុងឱកាសនោះដែរលោក លី សារី អភិបាលរងខេត្តបានថ្លែងនូវការកោតសរសើរចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ីដែលបានចូលរួមចំណែកគាំទ្រ និងសហប្រតិបត្តិការការជាមួយអាជ្ញាធរខេត្តយើងក្នុងគោលដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា ក៏ដូចជានៅខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នងឱកាសនោះលោក លី សារី បានធ្វើការក្រើនរំលឹកដល់ស្ថាបនពាក់ព័ន្ធ ជាពិសេសមន្ត្រីប៉ូលីសចរាចរណ៍ត្រូវចូលរួមសហប្រតិបត្តិការជាមួយអង្គការក្នុងការអនុវត្ត និងពង្រឹងទំនាក់ទំនងសំដៅធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើរ ចរាចរណ៍ផ្លូវគោករបស់ប្រជាពលរដ្ឋនិងកម្មករនិយោជិក ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុកើតឡើង៕