ចេញផ្សាយ៖ ថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២១
ផ្សាយដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំមួយស្តីពី ត្រួតពិនិត្យការបំពេញភារកិច្ចប្រចាំថ្ងៃផែនការងារធនធានមនុស្ស និង ការអនុវត្តន៍វិន័យ របស់កម្លាំងនគរបាលជាតិ ក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិនិត្យកម្លាំង ក្នុងផែនការងារធនធានមនុស្ស អំពីកម្លាំងវត្តមាន និងកម្លាំងអវត្តមាន ដើម្បីលុបបំបាត់ភាពអសកម្មរបស់មន្ត្រីនគរបាលខិលខូច ដែលមិនបំពេញ តួនាទី ភារកិច្ច ការមិនគោរពវិន័យ ប្រព្រឹត្តរឿងមិនល្អនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអង្គភាពនគរបាលជាតិ និង ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មន្ត្រីដទៃទៀតដែលគេគោរពវិន័យបានល្អ ។
៊ ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមាន ប្រសាសន៍ថា កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រចាំថ្ងៃឲ្យបានល្អ ត្រូវគោរពវិន័យ០០៦ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះផែនការងារធនធានមនុស្សដែលគ្រប់គ្រងកម្លាំងបានល្អ គ្មានបាត់មុខ និងកម្លាំងអសកម្ម។ លោកក៏បានស្នើឲ្យប្រធានការិយាល័យបណ្តុះបណ្តាល ចាត់បញ្ជូនកម្លាំងទៅរៀនជំនាញថ្មីៗ និងត្រូវបង្កើតវគ្គបណ្តុះបណ្តាលនៅកន្លែងដល់កងកម្លាំងអំពីមេរៀនលំហាត់របៀប ដើម្បីពង្រឹងសមត្ថភាព ក្រម សីលធម៌ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារធនធានមនុស្ស លោកឧត្តមសេនីយ៍ត្រី ស្នងការរងផែនការងារសេនាធិការ និង លោក វរសេនីយ៍ នាយ នាយរងការិយាល័យ លោកនាយ នាយរង ផ្នែក និង មន្រ្តី ចំណុះផែន ធនធានមនុស្ស ជាច្រើនរូប ៕