លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ !!!
ចេញផ្សាយ:ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែង ព្រមានចំៗចំពោះមន្ត្រីនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាក្នុងនាមជានគរបាលជាតិដាច់ខាតមិនត្រូវ ពាក់ពន្ធ័ជាមួយឈ្មួញឬបទល្មើសជួញដូរគ្រឿងញៀន និងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ឡើយ បើរកឃើញបទល្មើសនៅគោលដៅណា លោកនឹងមានវិធានការតាមច្បាប់និងបញ្ជូនទៅតុលាការតែម្ដង ។
ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ស្នងការបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់នគរបាលការពារព្រំដែន នៅទីបញ្ជាការវរនគរបាលការពារព្រំដែនគោក៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកលោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ និងមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ផងដែរ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញឲ្យគ្រប់មេបញ្ជាការវរះត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងភាគីថៃឲ្យបានល្អ ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការធ្វើការងារ។ កម្លាំងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើស ១-ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់(ពលករចំណាកស្រុក មេខ្យល់) ២-បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ) ៣-បទល្មើសជួញដូរគ្រឿងញៀន។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ចេញនូវបទបញ្ជាឲ្យកម្លាំងនគរបាលព្រំដែនទាំងអស់ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង កសាងប៉ុស្តិ៍ ជំរក សម្ភារ: បរិក្ខាទ័ព គ្រប់គ្រងគ្រាប់/អាវុធ បង្កបង្កើនការដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយជីវភាពនគរបាលតាមព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង ៕ ដោយៈ លោកស្រី គង់ ស្រីញ៉ ជំនួយការ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍