ប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃប្រុស ស្រីចំនួន៤៩នាក់ស្ថិតក្នុងភូមិសាស្រ្តព្រំដែន កម្ពុជា ថៃ !!!
ចេញផ្សាយ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
ខេត្តបន្ទាយមានជ័យ ៖ មានពលករជាច្រើននាក់បំរុងឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករបន្ទាយមានជ័យ ដាក់បទបញ្ជារយ៉ាងតឹងរឹង ការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការ រឹតបន្តឹងសន្តិសុខព្រំដែនទប់ស្កាត់ពលករលួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចជំនាញចាត់ការតាមផ្លូវច្បាប់ ។
ជាក់ស្ដែង រសៀលថ្ងៃទី១៨ ខែតុលា និងព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ លោក ឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ប្រចាំការទិសម៉ាឡៃ ដឹកនាំកម្លាំងអន្តរាគមន៍ផ្នែកសឹករងស្រុកម៉ាឡៃ សហការជាមួយវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ល្បាតត្រួតពិនិត្យតាមបន្ទាត់អូរព្រំដែនកម្ពុជាថៃបានជួបប្រទះប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ៣៤នាក់ ស្រី ១៥នាក់ស្ថិតក្នុងភូមិសាស្រ្តអូរព្រំដែន ភូមិល្វា ឃុំ បឹងបេង ស្រុកម៉ាឡៃ ក៏ឃាត់ខ្លួនបានតែម្តង ។
គួរបញ្ជាក់ថា ៖ ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់ ។
ក្រោយពីឃាត់ខ្លួន លោកមេបញ្ជាការរង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា និងបាន ប្រគល់ពួកគាត់អោយទៅកម្លាំងមូលកងរាជអាវុធហត្ថ ស្រុកម៉ាឡៃ ដើម្បីសាកសួរនឹងបញ្ជូនទៅធ្វើចត្តាឡីស័ក ៕ ដោយៈ លោក ណៃ ថាន និពន្ធនាយករង គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍