ស្មៀនឃុំ-សង្កាត់ ជាមន្រ្តីស្ថិតក្នុងក្របខ័ណ្ឌលេខាធិការនៃក្រសួងមហាផ្ទៃ។ ស្មៀនឃុំ-សង្កាត់តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ដូចបានកំណត់ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។ នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់បានដឹងពីការងារស្មៀននៅឡើយទេ ទោះបីជារឿយៗពួកគាត់ស្គាល់ និងបានជួបដើម្បីសុំសេវាមួយចំនួនពីស្មៀនក៏ដោយ។
ផ្អែកតាមប្រកាសឆ្នាំ២០០១ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា ស្មៀនជាមន្រ្តីបម្រើការងារលើកិច្ចការរដ្ឋបាលមួយចំនួន រួមមាន ទទួល និងពិនិត្យលិខិត ព្រមទាំងឯកសារគ្រប់ប្រភេទដែលផ្ញើមកឃុំ-សង្កាត់ ពិភាក្សាជាមួយមេឃុំ ចៅសង្កាត់អំពីលិខិតនិងឯកសារទទួលបាន ទទួលកត់ត្រាសេចក្តីសម្រេចរបស់ឃុំ- សង្កាត់ ចាត់ចែងការងារតាមការប្រគល់ភារកិច្ចពីមេឃុំ ចៅសង្កាត់ និងជួយមេឃុំ ចៅសង្កាត់ធ្វើរបាយការណ៍ជូនអង្គប្រជុំប្រចាំខែឬប្រជុំពិសេស។
យោងតាមប្រការ១០នៃប្រកាសដដែល ស្មៀនឃុំ-សង្កាត់ត្រូវធ្វើជាសេនាធិការឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនានា ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិនានា។ គឺត្រង់ចំណុចនេះហើយដែលស្មៀនត្រូវធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិទបទដ្ឋានគតិយុត្តិទាំងឡាយ ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។
លោកបានពន្យល់ថា«កន្លងមក មានពលរដ្ឋខ្លះគាត់ទៅសុំសេវាពីស្មៀន ដោយច្រឡំថាស្មៀនមានតួនាទីត្រឹមតែសរសេរឯកសារ ឬបោះត្រាលើហត្ថលេខាមេឃុំ ចៅសង្កាត់ ប៉ុន្តែគឺមិនប៉ុណ្ណឹងទេ ស្មៀនមានការងារច្រើន។ ក្នុងនាមជាមន្រ្តីដែលក្រសួងមហាផ្ទៃតែងតាំង ស្មៀនត្រូវជួយការងារឃុំ-សង្កាត់ឱ្យបានត្រឹមត្រូវ និងស្របច្បាប់។ មេឃុំ ចៅសង្កាត់ អាចមានការផ្លាស់ប្ដូរគ្រប់អាណត្តិ ហើយកម្រិតយល់ដឹងក៏ខុសគ្នា។ ដូច្នេះស្មៀនចាំសម្របសម្រួលការងារជាប្រចាំ លើកលែងតែក្រសួង ឬថ្នាក់លើសម្រេចផ្លាស់ប្ដូរគាត់តាមករណីផ្សេងៗ។ មួយទៀត តាមច្បាប់គឺស្មៀនមិនធ្វើការថ្ងៃឈប់សម្រាកទេ ហើយស្មៀនមានតែម្នាក់ក្នុងមួយឃុំ សង្កាត់ ដូច្នេះក៏សូមពលរដ្ឋមានការយល់យោគ និងអាចទាក់ទងសួរនាំព័ត៌មានជាមុនតាមមធ្យោបាយផ្សេងៗ»។
ប្រកាសក្រសួងមហាផ្ទៃ ក៏បានកំណត់បន្ថែមអំពីការអនុវត្ត និងការតាមដានត្រួតពិនិត្យរបស់ស្មៀន ដោយស្មៀនត្រូវជួយដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេឃុំ ចៅសង្កាត់ដើម្បីធានាឱ្យមានការអនុវត្តរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងគណៈកម្មាធិការឱ្យបានតឹងរឹងបំផុតស្របតាមច្បាប់ និងនីតិវិធី។ ស្មៀនត្រូវតាមដាន និងត្រួតពិនិត្យមើលការរីកចម្រើនក្នុងការអនុវត្តសេចក្តីសម្រេចទាំងនេះ និងត្រូវរៀបចំសេចក្តីរាយការណ៍ប្រចាំខែ។ ក្រៅពីនោះស្មៀនក៏ត្រូវជួយដល់គណៈកម្មាធិការនានាដើម្បីធ្វើសេចក្តីរាយការណ៍ប្រចាំខែ ស្តីពីការរីកចម្រើននៃសកម្មភាពរបស់គណៈកម្មាធិការជូនក្រុមប្រឹក្សាឃុំ សង្កាត់៕