អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង !!!

តាមរយៈវីដេអូប្រមាណ ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។ លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល( ៥០.០០០រៀល)ដល់ប្រាំសែនរៀល(៥០០.០០០.រៀល)និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា។

អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញដែលមានក្មេងៗចូលរួមជាអនីតិជនម្នាក់ ឬច្រើននាក់ក៏ដោយ គឺតុលាការដាក់នឹងដាក់ទោសទៅតាមស្ថានទម្ងន់ទោសដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផលទោសដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា។

ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិតសម្រាប់បម្រើក្នុងល្បែង និងការនាំឧបករណ៍គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំសែនរៀល (៥០០.០០០រៀល) ដល់ប្រាំលានរៀល (៥.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារជាអតិបរមានៃទោស។ ចំពោះប្រាក់ដែលរឹបអូសដូចដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ខាងលើត្រូវបញ្ជូនទៅតុលាការដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ នេះបើតាមការអធិប្បាយរបស់លោកបណ្ឌិត។

ក្នុងន័យនេះលោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាពណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទីណាក៏ដោយជាដាច់ខាត។ បើមន្រ្តីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ។ចំពោះជនដែលចេញមុខការពារវង់ល្បែងឬបនល្បែងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ។

បើនិយាយពីការផ្សព្វផ្សាយល្បែងខុសច្បាប់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា នោះគឺជារឿងដែលកាន់តែខុសច្បាប់ថែមទៀត និងផ្អែកតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃចេញនាពេលថ្មីនេះបានបញ្ជាក់ថា ការផលិតរូបភាព វីដេអូ និងមាតិកាដែលមានខ្លឹមសារទាក់ទងទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ឬតាមអនឡាញ។ ក្នុងនោះរាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្ត ជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានន័យថាជាការចូលរួមប្រព្រឹត្តល្មើសករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។

សរុបជារួមការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់៕ ដោយ ៖ មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

You might like

Leave a Reply

Your email address will not be published. Required fields are marked *