ខេត្តបាត់ដំបង ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយ ក្រសួងមហាផ្ទៃ ក្នុងការរៀបចំ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ ក្នុងគោលបំណងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ និងចូលរួមចំណែកលើការងារមនុស្សធម៌សម្រាប់ជួយដល់កុមារកំព្រា អង្គការមនុស្សចាស់ និងមន្ទីរពេទ្យគន្ធបុប្ផា។
ព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និង អធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយ ឯកឧត្តម លោកជំទាវ ជាអគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ រួមទាំង មន្រ្តីរាជការ កីឡាករ កីឡាការិនី និងសាធារណជនយ៉ាងច្រើនកុះករ ដែលប្រារព្ធធ្វើឡើងនៅបរិវេណសួនវិមានឯករាជ្យសម្តេចក្រឡាហោម ក្រុងបាត់ដំបង ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានមកចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរ ខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដ៏ថ្លៃថ្លានេះ។
ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦។
ការជួបជុំនេះ បានបង្ហាញ ពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងកម្លាំងសាមគ្គីដ៏ធំធេងពីគ្រប់មជ្ឈដ្ឋាន ដើម្បីសិទ្ធិមនុស្ស។ ការរត់ គឺជានិមិត្តរូបនៃសេរីភាព និងជាកីឡានាំមកនូវសុខភាព ព្រមទាំងជាផ្នែកមួយនៃការរួមចំណែកដល់ការលើកកម្ពស់ សិទ្ធិសុខភាព និងសិទ្ធិ រស់រានមានជីវិតរបស់យើងផងដែរ។
សម្ដេច មានប្រសាសន៍បន្តថា ស្របជាមួយគ្នានេះ ការរួមវិភាគទានក្នុងកិច្ចការមនុស្សធម៌ គឺជាកាយវិការដ៏ប្រពៃក្នុងការចូលរួមលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ពោលគឺ ជាការជួយដល់អ្នកដទៃឱ្យមានឱកាសទទួលបាននូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេប្រកបដោយសមភាព និងសមធម៌។ ចំណែកឯថវិកាដែលទទួលបានពីព្រឹត្តិការណ៍នេះ នឹងប្រើប្រាស់ក្នុង សកម្មភាពសប្បុរសធម៌ផ្តល់ការឧបត្ថម្ភទ្រទង់ដល់អង្គការមនុស្សចាស់ក្នុងខេត្តបាត់ដំបង អង្គការកុមារកំព្រា និងមន្ទីរពេទ្យគន្ធបុប្ផា។
សម្ដេច សម្តែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅដល់អត្តពលិកទាំងអស់ ដែលបានលះបង់ទាំងធនធាន ពេលវេលា និងទាំងកម្លាំងកាយចិត្ត ចូលរួមកម្មវិធីដ៏មានអត្ថន័យនាថ្ងៃនេះ ហើយជាពិសេសសូមថ្លែង អំណរគុណដល់សប្បុរសជន និងម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានរួមចំណែកញ៉ាំងឱ្យព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ លេចចេញជារូបរាងឡើង។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបែងចែកចម្ងាយគីឡូជាច្រើនប្រភេទខុសគ្នា មានរយៈចម្ងាយ២១គីឡូម៉ែត ,១០គីឡូមែត្រ ,៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ៕