ក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ៥ចំណុច ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់ !!!

ភ្នំពេញ៖ តាមរយៈ សារាចរណែនាំ លេខ០៧២សជណ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំ ៥ចំណុច ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់ ។

ក្រសួងមហាផ្ទៃបានសង្កេតនាពេលថ្មីៗនេះ ឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួម ពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំ ដូចខាងក្រោម៖

១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។

២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។

៣. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៤. គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

៥. រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *