នៅរសៀល ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អញ្ជើញក្នុងពិធីសូត្រមន្ត
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមដែលពិធីនេះធ្វើឡើងនៅវិមាន៧ មករា (ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា)។
ពិធីបែបសាសនានៃអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅវត្តខ្មែរក្រោមនារសៀលថ្ងៃនេះប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្តទៅតាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា«អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។
តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនានារសៀលថ្ងៃនេះរួចរាល់ហើយនោះ នៅវេលាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។
សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕ដោយៈBAYON Radio