ប្រទេសចិន ប្ដេជ្ញាចាត់វិធានការតបតវិញ ក្រោយសហរដ្ឋអាមេរិកលក់អាវុធឲ្យកោះតៃវ៉ាន់ !!!

ប្រទេសចិនបានថ្កោលទោសការលក់សព្វាវុធតម្លៃ ២ ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ដែលបានប្រកាសដោយសហរដ្ឋអាមេរិក ហើយបានប្ដេជ្ញាឆ្លើយតប។ ការលក់នេះ រួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដា។

ទីក្រុងប៉េកាំង បានប្តេជ្ញាថានឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់បន្ទាប់ពីការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកទៅកាន់កោះស្វ័យគ្រប់គ្រង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន។

ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានអនុម័តកញ្ចប់លក់អាវុធមានតម្លៃ ២ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលរួមមានប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស និងរ៉ាដា។

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា កញ្ចប់សព្វាវុធចុងក្រោយបំផុតនេះ រំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងចិន-អាមេរិក និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាព នៅក្នុងច្រកសមុទ្រ។

អ្នកនាំពាក្យក្រសួងចិនខាងលើបាននិយាយថា ប្រទេសចិនថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ។ ក្រសួងអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវការបំពាក់បំប៉នអាវុធដល់កោះតៃវ៉ាន់៕ដោយៈBAYON Radio

You might like

Leave a Reply

Your email address will not be published. Required fields are marked *