អង្គការសំអាតទន្លេ-សមុទ្រ បានបញ្ជូនទូកប្រមូលសំរាមដើម្បីរក្សាអនាម័យ ក្នុងពិធីប្រណាំងទូក​ខេត្តកណ្ដាល !!!

អង្គការសំអាតទន្លេ សមុទ្រ(River Ocean Cleanup) បានបញ្ជូនទូកកំចាត់សំរាម និង​មន្រ្តី​ជំនាញចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២៤ នេះ ដើម្បីរក្សាអនាម័យទន្លេក្នុងអំឡុង និង​ក្រោយ​ពេលពិធីប្រណាំងទូក និងបញ្ចៀសការបំពុលដោយសំរាមប្លាស្ទិក ដែល​បោះចោ​ល​ដោយ​ជន​មួយចំនួន ខ្វះការយល់ដឹងអំពីផលប៉ះពាល់ពីប្លាស្ទិកទៅទន្លេ ដែលជាប្រភ​ព​ទឹក​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ។

កាលពីឆ្នាំ ២០២៣ អង្គការសំអាតទន្លេសមុទ្រប្រមូលបានសំរាមប្រមាណ៥ តោន នាពិធី​ប្រណាំង​ទូក​ខេត្តកណ្ដាល និង ហើយឆ្នាំ២០២៤ នេះ អង្គការ ប្រមូលសំរាមប្រមាណ ១,៥ តោន​ប៉ុណ្ណោះ ដែលការថយចុះនៃបរិមាណដែលប្រមូលចេញពីទន្លេនេះ បង្ហាញថា ប្រជាពលរដ្ឋ និង​កីឡាករប្រណាំងទូកបានទុកដាក់សំរាមមានការប្រសើរជាងមុន ៧០% ទៅ ៨០% ដោយ​សារ​មាន​ការ​ដឹកនាំ រៀបចំ បានល្អប្រសើរពីសំណាក់ រដ្ឋបាលខេត្តកណ្ដាល រដ្ឋបាលក្រុងតាខ្មៅ គណៈ​កម្មការ​បុណ្យ​អ៊ុំទូក មន្ទីរបរិស្ថាន កីឡាករប្រណាំងទូក ប្រជាពលរដ្ឋ និងភ្ងៀវទេសចរ​ទាំង​អស់​ចូល​រួម​ទុកដាក់សំរាមបានត្រឹមត្រូវ។

អង្គការសំអាតទន្លេ សមុទ្រ ក៏បានត្រៀមទូកកំចាត់សំរាម មន្រ្តីជំនាញ និងអ្នកស្មគ្រ័ចិត្ត សហការ​ជា​មួយ​សាលារាជធានីភ្នំពេញ សម្រាប់សំអាត និងរក្សាអនាម័យទឹកទន្លេសាប ទន្លេមេគង្គ និង​ទន្លេ​បាសាក់ ក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធនាថ្ងៃទី ១៤ ដល់ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅរាជធានីភ្នំពេញខាងមុខនេះ និងជាសារ​ដល់​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេសអោយចូលរួមរក្សាអនាម័យទន្លេ ដែលជាប្រភព​ទឹក​មិន​អាច​ខ្វះ​បាន​សំរាប់​ជីវិត។

មកដល់ពេលនេះ សំរាមប្រមាណ ១៨៨៥ តោនបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ និង​ទន្លេ​បាសាក់ដោយអង្គការសំអាតទន្លេ សមុទ្រ ជាពិសេស អង្គការ បានចូលរួម​យ៉ាង​សកម្មជាមួយ​មន្ទីរ​បរិស្ថានខេត្ត/ក្រុងនានាដូចជាភ្នំពេញ និងខេត្តកណ្ដាល ព្រមទាំងខេត្ត/ក្រុងផ្សេងៗទៀត ក្នុង​ការ​ចុះអប់រំពីសារសំខាន់នៃទន្លេ ការទុកដាក់ និងញែកសំរាម ព្រមទាំងសកម្មភាពសំអាត តាម​សាលា និងសហគមន៍ជាប់មាត់ទន្លេទាំងអស់ ក្រោមការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនជាតិ និង​អន្តរជាតិ ជាពិសេសក្រុមហ៊ុន Leader Energy ដែលបាន​ផ្ដល់​ថវិកា​សំរាប់​បេសកកម្ម​សំអាត​ទន្លេ​រយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០២៣ ដល់ ២០២៨ ដោយសកម្មភាពសំអាតទន្លេនេះ ផ្សារភ្ចាប់​ជា​មួយ​ចក្ខុ​វិស័យរបស់ក្រុមហ៊ុន ដែលការការពារប្រភពទឹក ជាការពារអាយុជីវិតមនុស្ស សត្វ និង​ធម្មជាតិ​៕ អត្ថបទ៖ទូច សោភ័ណ

You might like

Leave a Reply

Your email address will not be published. Required fields are marked *