សមត្ថកិច្ចក្រុងឆ្មក់ចូល KTV ឃាត់ខ្លួនបានមនុស្ស៨នាក់ ដោយ៤នាក់មានផ្ទុកសារធាតុញៀន !!!

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង ៤:០០នាទីទាបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ .លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅ KTV និងក្លឹបយីហោ(ហូលីវូដ) ដែលស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិការខាងលើ មានការចូលរួមពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តបន្ទាយ មានជ័យ ជាអ្នកសម្របសម្រួល ។

យោងតាមផេកផ្លូវការរបស់ នគរបាលក្រុងប៉ោយប៉ែត បានបង្ហោះនៅ ” ព្រឹកថ្ងៃទី២០នេះ សមត្ថិកច្ច ចុះទៅដល់ទីតាំងខាងលើឃើញមានចងខ្សែនិងដាក់ស្លាក(ហាមចូល)នៅមាត់ទ្វារចូល និងពុំមានភ្លើងបើកនោះទេ ដោយមានការសហការជាមួយសន្តិសុខ ដែលមើលការនៅទីនោះ កម្លាំងយើងបានចូលទៅត្រួតពិនិត្យឃើញមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយបន្ទប់យីហោ(DIOR) និងឃាត់ខ្លួនមនុស្សបានចំនួន០៨នាក់ ស្រី០៤នាក់ រួមមានសម្ភារៈមួយចំនួន និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន០៤នាក់អវិជ្ជមាន០៤នាក់។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យគ្រប់បន្ទប់គឺមិនមានការប្រើប្រាស់ទៀតនោះទេ និងមិនមានការដាក់ទូបាញ់ត្រីនោះទេ បានឃាត់ខ្លួនមនុស្ស នឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសួរនាំចាត់ការតាមនិតិវិធី ” ។

សូមរំលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងចំពោះ KTV ជាច្រើនថា ” KTV ខ្លះគ្រាន់តែដាក់ស្លាកយីហោជា KTV តែប៉ុណ្ណោះ តែខាងក្នុងលួចប្រើប្រាស់គ្រឿងញៀន និងថ្នាំសប្បាយ គ្រប់ប្រភេទ ” លោកមិនអោយមាននោះឡើយ គឺត្រូវតែបង្ក្រាប ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *