ទីបំផុតនារីខ្មែរម្នាក់ដែលសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់លោកបណ្ឌិត ទូច សុឃៈ ជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បើតាមនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រលម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះ ថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន និងជារួម គឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែតុលានេះ បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។
ដូចនារីរងគ្រោះបានបញ្ជាក់ និងបើតាមព័ត៌មានបន្ថែមពីលោកបណ្ឌិត ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងកក់ក្ដៅបំផុត ខណៈភាគីចិនកំពុងអនុវត្តនីតិវិធី ហើយភាគីកម្ពុជាក៏ត្រៀមបំពេញបែបបទដើម្បីនាំមកកាន់មាតុប្រទេសវិញក្នុងពេលខាងមុខ។ យ៉ាងណាក៏ដោយ តាមរយៈលោកបណ្ឌិត ទូច សុឃៈ នាងនៅមានការព្រួយបារម្ភ និងបានស្នើឱ្យអាជ្ញាធរប្រទេសទាំងពីរបន្តជួយដល់មិត្តភក្ដិមួយចំនួនទៀតដែលពេលនេះមិនទាន់ដឹងព័ត៌មានសុខទុក្ខរបស់ពួកគេនៅឡើយ។
ភ្ជាប់និងលទ្ធផលគួរឱ្យអបអរសាទរនេះ លោកបណ្ឌិត ទូច សុឃៈ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានដែលផ្ដល់កិច្ចសហការបញ្ជូនដំណឹងសុំកិច្ចអន្តរាគមន៍ពីជនរងគ្រោះ និងបានថ្លែងអំណរគុណក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជា ស្ថានឯកអគ្គរដ្ឋទូតចិន និងកម្លាំងនគរបាលនៃក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់។
ពីចំណែកសាមីខ្លួនផ្ទាល់ នារីរងគ្រោះក៏បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសេនាធិការផ្ទាល់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធចិន ដែលបានផ្ដល់កិច្ចអន្តរាគមន៍សង្គ្រោះជនរងគ្រោះនានា រួមទាំងរូបនាងផ្ទាល់។ នាងក៏បានអំពាវនាវសាធារណជនប្រុងប្រយ័ត្នចំពោះបទល្មើសសាកលមួយនេះផងដែរ៕