សហរដ្ឋអាមេរិកបានសរសេរលិខិតទៅកាន់អ៊ីស្រាអែល ដោយទុកពេលឲ្យ៣០ថ្ងៃ ដើម្បីជំរុញការបើកច្រកដឹកជំនួយមនុស្សធម៌នៅហ្កាហ្សា ពុំនោះនឹងប្រឈមការកាត់ជំនួយខាងយោធាមួយចំនួនរបស់អាមេរិក ដែលគេបានមើលឃើញថាជាការព្រមានចុងក្រោយទៅកាន់សម្ព័ន្ធមិត្តមួយនេះ។
លិខិតដែលបានផ្ញើកាលពីថ្ងៃអាទិត្យ ស្មើនឹងការព្រមានជាលាយលក្ខណ៍អក្សរដ៏ម៉ឺងម៉ាត់បំផុតពីសហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តរបស់ខ្លួន ហើយកើតឡើងស្របពេលមានការវាយលុកថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគខាងជើង ដែលតាមសេចក្តីរាយការណ៍បានបណ្តាលឱ្យមានជនស៊ីវិលយ៉ាងច្រើនបានស្លាប់។
លិខិតខាងលើនិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺន ដោយបន្ថែមថាអ៊ីស្រាអែលបានបដិសេធ ឬរារាំងជិត ៩០% នៃចលនាមនុស្សធម៌រវាងភាគខាងជើងនិងខាងត្បូងកាលពីខែមុន។
មន្ត្រីអ៊ីស្រាអែលម្នាក់ត្រូវបានគេរាយការណ៍ថា អ៊ីស្រាអែលកំពុងពិនិត្យលិខិតនេះ ដោយបន្ថែមថាប្រទេសនេះ យកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងហ្មត់ចត់ និងមានបំណងដោះស្រាយកង្វល់ដែលបានលើកឡើងជាមួយសមភាគីអាមេរិក។
អ៊ីស្រាអែលធ្លាប់បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅប្រតិបត្តិការរបស់ក្រុមហាម៉ាសនៅភាគខាងជើង ហើយមិនបញ្ឈប់ការដឹកជំនួយមនុស្សធម៌ចូលនោះទេ។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ស្ថាប័នយោធាអ៊ីស្រាអែលដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងការឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ហ្កាហ្សា គឺ កូហ្គាត (Cogat) បាននិយាយថា រថយន្តដឹកជំនួយចំនួន ៣០ គ្រឿងដែលដឹកជំនួយពីកម្មវិធីស្បៀងអាហារពិភពលោកបានចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងតាមរយៈច្រក អ៊ីរ៉េស (Erez)៕ដោយៈBAYON Radio