ភ្នំពេញ ៖ ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានក្រើនរំលឹកដល់ ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងសម្រាប់រយៈពេលវែង ក៏ដូចជាក្នុងរដូវកាលចុងឆ្នាំ២០២៤នេះ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់នឹងត្រូវដោះស្រាយឱ្យបានទាន់ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» សម្ដេចធិបតី បានក្រើនរំលឹកដល់ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយរៀបចំឱ្យមាន ដំណើរការជាប្រក្រតី និងជាអចិន្ត្រៃយ៍ នៅក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ពង្រឹង និងពង្រីកកងប្រតិបត្តិការរុករក និងសង្គ្រោះ និងរៀបចំកញ្ចប់ថវិកាប្រើប្រាស់នៅក្នុងខ្ទង់ថវិកាក្នុងក្រសួង ស្ថាប័ន ដើម្បីធានាឱ្យមានធនធានមនុស្សសម្រាប់បំពេញការងារ មានមធ្យោបាយ សម្ភារៈ ថវិកាសម្រាប់ដំណើរការការងារ និងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។
សម្ដេចធិបតី ក៏បានណែនាំឱ្យ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ តាមដានឱ្យជាប់ នឹងត្រូវដោះស្រាយឱ្យបានទាន់ ពេលវេលា នៅក្នុងករណីកើតមានគ្រោះមហន្តរាយ នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ជាពិសេស យកចិត្តទុកទៅលើការជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់។
ចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្ដេចធិបតីណែនាំឱ្យធ្វើការតាមដានឱ្យជាប់ជាមួយគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាពក៏ដូចជាការចាត់វិធានការ សម្របសម្រួល និង ត្រៀមកម្លាំង មធ្យោបាយ អន្តរាគមន៍ សង្គ្រោះបន្ថែម។
រីឯក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងសម្ភារៈ បរិក្ខារចាំបាច់ ដែលត្រូវបញ្ចេញទៅឱ្យប្រជាជនរងគ្រោះ ដោយគ្រោះមហន្តរាយនានា ក្នុងករណីមានការស្នើសុំពីរាជធានី ខេត្ត។ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានជាប្រចាំ អំពីអាកាសធាតុ ការព្យាករណ៍ ស្ថានភាពភ្លៀង និងកំពស់ទឹក និងត្រូវធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។ ហើយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈ ចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ បង្កឱ្យមានការខូចខាតស្រូវ ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ ត្រូវជួយស្ដារឡើងវិញ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំដល់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីធ្វើអន្តរាគមន៍សង្គ្រោះតាមការចាំបាច់ ពង្រឹងសមត្ថភាពកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់គ្រោះមហន្តរាយដែលកើតឡើង។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សង្ឃឹមថា ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នេះនឹងបន្តស្ថិតនៅជាស្មារតីនៃការចងចាំ អំពីអតីតកាលឈឺចាប់នៃគ្រោះមហន្តរាយបង្កដោយ មនុស្ស គឺ «សង្គ្រាម» ហើយយកការចងចាំនេះជាមេរៀន ដើម្បីការពារ និងថែរក្សានូវសុខសន្តិភាព ដែលជា គ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕