ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធី បើកកញ្ចប់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ។
ពិធីនេះត្រូវបានប្រារព្ធធ្វើក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា – ជាប្រធានគណគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ ខេត្តបន្ទាយមានជ័យ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញ អាជ្ញាធរដែនដី កងកម្លាំង អ្នកពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់កម្លាំងនគរបាលជាច្រើនរូប ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ ដល់សិស្សតាមមណ្ឌលប្រឡងផងដែរ។
គួរបញ្ជាក់ថា ឆ្នាំ២០២៤នេះ មានបេក្ខជនចុះឈ្មោះប្រឡងក្នុងបញ្ជីចំនួន ៦.២៣៥នាក់ ស្រី ៣.៥៦៩នាក់ ។ ក្នុងនោះ បេក្ខជនចំណេះទូទៅ មាន៥.១០៩នាក់/ស្រី៣.០៦៦នាក់ ។ បេក្ខជនស្វៃរិន មាន៨៤៣នាក់/ស្រី៤៣៦នាក់ ។និងបេក្ខជនបំពេញវិជ្ជាមាន ២៨៣នាក់/ស្រី៦១នាក់ ។មានមណ្ឌលប្រឡងចំនួន៨រួមមាន : ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន៣មណ្ឌល ថ្នាក់វិទ្យាសាស្រ្តសង្គម មាន៥មណ្ឌលទាំង៨មណ្ឌលមានបន្ទប់សរុបចំនួន១៧៦បន្ទប់ ។ មណ្ឌលសំណេរទាំងនោះស្ថិតនៅក្រុងសិរីសោភ័ណ ជាទីប្រជុំជនខេត្ត៕