ខេត្តបន្ទាយមានជ័យ ៖ លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យមានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តតាមរមណីដ្ឋាននានា ក្នុងខេត្តសរុបចំនួន៧៨៣៤៥នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួន២៦៩នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ដូចជាឯកឧត្តមអភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាលខេត្តបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍នានាឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណភាព អនាម័យ និងសេវាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកប្រធានមន្ទីរបានបន្តថា រយៈពេល០៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងខេត្ត និងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះស្ថានភាពទូទៅវិញឃើញថាមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ មានការយាមប្រចាំការពីកម្លាំងនគរបាលទេសចរណ៍ អធិការដ្ឋានក្រុង/ស្រុក ប៉ុស្តិ៍នគរបាលឃុំ/ សង្កាត់ នគរបាលការពារព្រំដែន ប្រជាការពារភូមិ និងអាជីវករ មានការយកចិត្តទុកដាក់ខ្ពស់ ទាំងតម្លៃ និងសេវា ជាពិសេសការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍។
ជាមួយនោះដែរក្នុងនាមប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុំ រាត្រី នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណដល់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទគ្រប់លំដាប់ថ្នាក់ក្នុងភូមិសាស្ត្រខេត្ត អាជ្ញាធរដែនដីមូលដ្ឋាន កម្លាំងប្រជាការពារ មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងរៀបចំកិច្ចការងារផ្សេងៗសម្រាប់ប្រជាពលរដ្ឋ លោកតា លោកយាយ យុវជន ព្រះសង្ឃបានធ្វើបុណ្យទានតាមទំនៀមទម្លាប់ប្រពៃណីជាតិ ចាប់តាំងពីថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌទាំង៣ថ្ងៃមកនេះ ក្រៅពីនេះបងប្អូនប្រជាពលរដ្ឋក៏បានដើរលេងកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន កន្លែងកម្សាន្តនានា និងតាមទីវត្តអារាម ប្រកបដោយភាពរីករាយ ស្នាមញញឹមជួបជុំគ្រួសារ ញាតិមិត្ត រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ៕ ដោយ ឈុន សារ៉ាត