ខេត្តសៀមរាប ៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានបង្ហាញថា ស្រុកចំនួន៣ស្រុក ក្នុងខេត្តសៀមរាប រួមមានស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្ដែអាជ្ញាធរ ស្នើរឱ្យឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ វាអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់តំបន់ និងបណ្ដាស្រុកដទៃទៀតទូទាំងខេត្ត។
របាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ សម្រាប់ស្រុកជីក្រែង បានរងផលប៉ះពាល់ឃុំចំនួន៤ មាន៖ ឃុំខ្វាវ ឃុំកំពង់ក្ដី ឃុំជីក្រែង និងឃុំអន្លង់សំណរ បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៤៤៥គ្រួសារ, ផ្ទះ២០០ខ្នង, សាលារៀន២កន្លែង, មណ្ឌលសុខភាព២កន្លែង, ផ្លូវកៅស៊ូ ១៥ម៉ែត្រ, ផ្លូវដីស/គ្រួសក្រហម ៥.៣៦៣ម៉ែត្រ និងខូចខាតផ្លូវប្រវែង ៨៥៨ម៉ែត្រ រួមនិងប៉ះពាល់ស្ពានបាឡេ ១កន្លែងផងដែរ។ ដោយឡែកស្រុកស្វាយលើ បានរងផលប៉ះពាល់ឃុំចំនួន ៥ បណ្ដាលឱ្យប៉ះពាល់ផ្លូវដីស/គ្រួសក្រហមប្រវែង ២៥.៩០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង១៥០ម៉ែត្រ នៅចំណុចផ្លូវជាតិលេខ៦៤ ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងនេះបានស្រកចុះវិញហើយ។ ជាមួយគ្នាន ស្រុកប្រាសាទបាគងវិញ បានរងផលប៉ះពាល់ឃុំចំនួន១ គឺឃុំរលួស បណ្ដាលឱ្យប៉ះពាល់សាលារៀន១កន្លែង និងផ្លូវគ្រួសក្រហមប្រវែង ៥០ម៉ែត្រ។បញ្ហាស្ថានភាពធាតុអាកាសនេះ តាមការសន្និដ្ឋានស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺស្ថិតក្នុងស្ថានភាពស្រាល។ ចំពោះស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកជីក្រែង ដែលមានការកើនឡើង គឺដោយសារទឹកហូរមកពីភូមិសាស្ត្រស្រុកស្វាយលើ និងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។ ប៉ុន្តែប្រសិនបើភ្លៀងនៅបន្តធ្លាក់បន្ថែមនោះ ស្ថានភាពជំនន់ទឹកភ្លៀងនឹងកើនឡើងវិញ ហើយមានផលប៉ះពាល់នៅតំបន់ផ្សេងៗទៀតផងដែរ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួនបង្ការ និងត្រៀមបំរុងពេលមានករណីជំនន់ទឹកភ្លៀងបន្តកើនឡើង៕ដោយៈBAYON Radio