លោកហៀម ហួន អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតក្រសួងព័ត៌មាននៅថ្ងៃទី ២០កក្កដានេះថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ផ្ដើមប្រើឧទ្ធម្ភាគចក្រដើម្បីរុករកសាកសពឧទ្ធម្ភាគចក្រពីលើអាកាស ខណៈរហូតមកដល់ពេលនេះ នៅមិនទាន់មានតំរុយអំពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រយោធានោះនៅឡើយ។
ប្រតិបត្តិការស្វែងរកពីលើអាកាសនេះ បានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។
បើតាមអ្នកនាំពាក្យ. នេះជាលើកទី១ហើយដែលប្រតិបត្តិការស្វែងរកពីលើអាកាសនេះបានដំណើរការ ខណៈចាប់តាំងពីកើតមានឧបទ្វវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះមក មេឃភ្លៀងខ្លាំងជាមួយអ័ព្ទ ដែលយើងមិនអាចប្រើឧទ្ធម្ភាគចក្របាន។
ចាប់ទាំងពីថ្ងៃដំបូងដែលឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា មកអាជ្ញាធរខេត្តពោធិ៍សាត់បានប្រើប្រាស់កម្លាំងសម្រាប់បំរើអោយប្រតិបត្តិការស្វែងរកទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះ ដោយមានកម្លាំងដើរល្បាត កម្លាំងជំនាញ និងក្រុមគ្រូពេទ្យសង្រ្គោះ។
អ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់បានអោយដឹងទៀតថាបច្ចុប្បន្នប្រតិបត្តិការកំពុងរុករកនៅម្តុំភ្នំខ្មោច នៅក្នុងភូមិសាស្រ្តដែនជំរកភ្នំសំកុក ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ។
សូមរំលឹកថាកាលពីថ្ងៃទី១២កក្កដាឧទ្ធម្ភាគចក្រ មួយគ្រឿងជាមួយនឹងអ្នកបើកបរ២នាក់ដែលពេលកំពុងហ្វឹកហ្វឺនបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ៕ ដោយពេជ ប៊ុនរ៉ា