ពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៤ នឹងប្រារព្ធនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនាតំបន់ស្ដារព្រៃឈើបន្ទាយអង្គរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងផ្តល់ជូនសាធារណជន នូវកូនឈើចំនួន ៩,៩៩៩ដើម សម្រាប់ដាំដើម្បីជួយស្តារឡើងវិញនូវផ្ទៃដី ៣០ហិកតា។
ពិធីរុក្ខទិវា ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ដែលជាធម្មតាត្រូវបានសម្គាល់ដោយពិធីដាំដើមឈើដែលដឹកនាំដោយព្រះមហាក្សត្រ ឬតំណាងតំណាងរាជវង្ស។ការប្រារព្ធពិធីនេះ គឺជាប្រពៃណីដ៏យូរអង្វែងមួយក្នុងការលើកកម្ពស់ការដាំដើមឈើ និងការយល់ដឹងអំពីការអភិរក្សព្រៃឈើ។ពិធីនេះក៏បានប្រារព្ធឡើងវិញជារៀងរាល់ឆ្នាំនៅទូទាំងរាជធានី ខេត្តចាប់ពីឆ្នាំ១៩៩២។
ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់ជាតិចំនួន៣លើកមកហើយកាលពីឆ្នាំ១៩៩៣ ,២០០៨ និង២០១៤។ នៅពេលដែលប្រទេសកម្ពុជាមានការអភិវឌ្ឍ ទិវារុក្ខទិវាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន និងការដឹងគុណចំពោះបេតិកភណ្ឌធម្មជាតិរបស់ប្រទេស។ ដោយមានការចូលរួមពីព្រះមហាក្សត្រ ការប្រារព្ធពិធីឆ្នាំនេះ ប្រាកដណាស់ថានឹងជំរុញឱ្យមានការខិតខំប្រឹងប្រែងដាំដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស៕ ដោយ៖ កន ចំណាន