ភ្នំពេញ ៖ កាលពីវេលាម៉ោង១៦ៈ០០នាទី ល្ងាច ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ 31Eoz ផ្លូវលេខ 134 សង្កាត់មនោរម្យ ខណ្ឌ ៧ មករា។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ដោយផ្អែកលើប្រភពព័ត៌មានពីមន្ត្រីជំនាញ និងការស្រាវជ្រាវយ៉ាងហ្មត់ចត់ ដែលបានបញ្ជាក់ថាទីតាំងនេះពិតជាបានបើកដំណើរការល្បែងស៊ីសងខុសច្បាប់ដូចជាជល់មាន់អនឡាញ បៀរការ៉ាត់ និងផ្សេងៗទៀត។
ក្នុងអំឡុងពេលនៃប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាំងសំខាន់ៗជាច្រើន ដែលបញ្ជាក់ពីអត្តសញ្ញាណនៃការប្រព្រឹត្តបទល្មើសល្បែងស៊ីសង។ ក្នុងនោះ រួមមានកុំព្យូទ័រចំនួន៦គ្រឿង និងទូរទស្សន៍ចំនួន២គ្រឿង ដែលត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់អាជីវកម្មល្បែងស៊ីសងខុសច្បាប់នេះ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងការរៀបចំ និងដំណើរការល្បែងស៊ីសងខុសច្បាប់នេះ។ បុគ្គលទាំងនេះ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ ក្នុងការសាកសួរ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីកំណត់អត្តសញ្ញាណអ្នកដែលនៅពីក្រោយបទល្មើសនេះ និងទំនាក់ទំនងរបស់ពួកគេជាមួយបណ្តាញល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត។
ក្រោយបញ្ចប់ប្រតិបត្តិការកម្លាំងបាននាំយកមនុស្ស ប្រុស ស្រី ចំនួន០៨នាក់ រួមនឹង វត្ថុតាងយកទៅអធិការដ្ឋាននគរបាលខណ្ឌ៧ មករា ដើម្បីសួរនាំកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី ។
គួររំលឹកផងដែរថាកាលពីរសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលារាជធានី ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និង ជាប្រធានគណៈ បញ្ជាការ ឯកភាព រាជធានីភ្នំពេញបានមាន ប្រសាសន៍ក្នុងកិច្ចប្រជុំគណៈ បញ្ជាការ ឯកភាព រាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា ចំពោះ ល្បែងស៊ីសង គ្រប់ប្រភេទត្រូវតែលប់ បំបាត់មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋាន របស់ ខ្លួនដាច់ខាត ! តាមរយៈការពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យបានខ្លាំងដើម្បីឈានទៅ លុបបំបាត់ឲ្យអស់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ៕