ក្រុមជ្រុលនិយមអ៊ុយក្រែនមានការងឿងឆ្ងល់ បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាតមន្រ្តីជំនួយការកំពូលរបស់ប្រធានាធិបតី !!!
ចេញផ្សាយ៖ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
ដោយៈគេហទំព័រ ខេមបូឌាស្តាដេលីញូយ៍.
(Reuters) – នគរបាលអ៊ុយក្រែនកំពុងព្យាយាមស្វែងរកអ្នកដែលបញ្ជាឱ្យបុគ្គលជាច្រើននាក់ដែលមិនស្គាល់អត្តសញ្ញាណព្យាយាមសម្លាប់មន្រ្តីជំនួយការកំពូលរបស់ប្រធានាធិបតី លោក Volodymyr Zelenskiy បន្ទាប់ពីរថយន្តរបស់លោកត្រូវបានបាញ់រះដោយកាំភ្លើងស្វ័យប្រវត្តិកាលពីព្រឹកថ្ងៃពុធ ដែលការវាយប្រហារមួយនេះបានធ្វើឱ្យក្រុមឥស្សរជននយោបាយមានការភ្ញាក់ផ្អើល។
លោក Serhiy Shefir មន្រ្តីជំនួយការកំពូល និងជាមិត្តភក្តិជិតស្និទ្ធម្នាក់របស់ប្រធានាធិបតីលោក Zelenskiy បានរត់គេចខ្លួនដោយមិនរងរបួសឡើយ ប៉ុន្តែអ្នកបើកបររបស់លោកបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
រថយន្ត Audi ពណ៌ខ្មៅដែលដឹកលោក Shefir ត្រូវបានធ្លុះធ្លាយដោយគ្រាប់កាំភ្លើងយ៉ាងតិច ១០គ្រាប់។លោកស្រី Irina Venediktova អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបាននិយាយថា រថយន្តត្រូវបានជនសង្ស័យពួនស្ទាក់វាយឆ្មក់ ខណៈដែលរថយន្តនេះបានបើកបរឆ្លងកាត់ភូមិពីរនៅខាងក្រៅទីក្រុង Kyiv ផ្លូវដែលធ្វើដំណើរមានព្រៃអមទាំងសងខាង ដែលអាចផ្តល់ឱ្យខ្មាន់កាំភ្លើងងាយស្រួលក្នុងការលាក់ខ្លួននិងគេចខ្លួន។
នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបើកសំណុំរឿងព្រហ្មទណ្ឌដោយសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត និងរកឃើញហេតុផលចំនួនបីដែលអាចកើតមាន និងហេតុផលផ្សេងទៀតដូចជា៖ ការខិតខំដើម្បីដាក់សម្ពាធលើការដឹកនាំប្រទេស ការប៉ុនប៉ងធ្វើឱ្យអស្ថិរភាពស្ថានភាពនយោបាយ ឬការវាយប្រហារដែលរៀបចំឡើងដោយសេវាកម្មស៊ើបការណ៍បរទេស។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Denys Monastyrsky បាននិយាយថា “គោលបំណងនៃឧក្រិដ្ឋកម្មនេះមិនមែនដើម្បីធ្វើឲ្យភ័យខ្លាចទេ ប៉ុន្តែគឺដើម្បីសម្លាប់”។
ទីប្រឹក្សារបស់លោក Zelenskiy មួយចំនួនបានលើកឡើងថា ការវាយប្រហារនេះអាចត្រូវបានរៀបចំឡើងដោយក្រុមឧកញ៉ា ឬអ្នកកាន់អំណាចដែលមិនពេញចិត្ត និងធុញទ្រាន់នឹងយុទ្ធនាការរបស់ប្រធានាធិបតីដើម្បីបន្ថយឥទ្ធិពលរបស់ពួកគេ។ ទីប្រឹក្សាផ្សេងទៀតបានលើកឡើងពីលទ្ធភាពដែលប្រទេសរុស្ស៊ីអាចជាអ្នកនៅពីក្រោយការបាញ់ប្រហារនេះ ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធ ៕