សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា ដរាបណា គណបក្សប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេស ជីវភាព កិត្តិយស របស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់ និងលើកកម្ពស់ជារៀងរហូត។
ក្នុងឱកាសអញ្ជើញជាអធិបតី ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានមោទនភាពដែលបានបង្កើតភូមិសន្តិភាព ដែលមានសុទ្ធតែអតីតយោធា នៃគ្រប់ភាគីជម្លោះ បានរស់នៅជាមួយគ្នាដោយសុខដុម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា «ដរាបណាគណបក្សប្រជាជនកម្ពុជា នៅមានឱកាសដឹកនាំបន្ដ ជីវភាព កិត្តិយស របស់អតីតយុទ្ធជន អតីតមន្ដ្រីរាជការ នៅតែបន្ដយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្ដបន្ទាប់។ ទិច ឬច្រើន យើងបន្ដជួយគ្នា ហើយយកចិត្តទុកដាក់ ហើយគ្រប់ជ្រុង កាលពេលមុនយើងមានប្រាក់សោធន ឥឡូវយើងមានគោលនយោបាយ របបផ្ទះ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ ក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់ចំពោះ អតីតយុទ្ធជន ព្យាបាលឥតគិតថ្លៃតាមរយៈប័ណ្ណ ប.ស.ស។
បើតាមសម្ដេចធិបតីនាយករដ្ឋមន្ដ្រី បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួនមានចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុក ចំនួន ១៤៩ ០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ៕ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី