ពិធីប្រកាសតែងតាំង ចូលកាន់តំណែងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត !!!
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អតីតជាអធិការរង បច្ចប្បន្នត្រូវបានថ្នាក់ដឹកនាំតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជំនួសអតីតអធិការចាស់ ដែលបានទទួលមរណះភាព។ ដោយឡែកលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត ត្រូវបានតែងតាំងជា អធិការរង ទទួលការងារនគរបាលយុត្តិធម៌។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុក លោកមេបញ្ជាវរ នាយ នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលជាច្រើនរូប។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើរ និងជម្រុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើសភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី បង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលក្រុងប៉ោយប៉ែត និងបណ្តាអធិការនគរបាលគ្រប់ក្រុងស្រុកទាំងអស់ ត្រូវពង្រឹង ការផ្តល់សេវាសាធារណះ ការទទួលបណ្តឹង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់លោកអធិការ និងសហការីត្រូវ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ តាមឋានានុក្រម និងរក្សាសាមគ្គីភាពផ្ទៃក្នុង រួមសុខរួមទុក្ខ ដើម្បីបង្កើនប្រសិទ្ធភាព ការងារជាពិសេសការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ព្រមទាំងទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេង ឲ្យមានប្រសិទ្ធភាពបំផុត៕