មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា(FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿងកាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះនៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។
ក្នុងនោះ វត្តមានសត្វព្រៃជាច្រើនប្រភេទត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្ត។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។
តាមក្រសួងបរិស្ថាន ថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលថតបានទាំងនោះរួមមាន៖ កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និង ស្ទឹងត្រែង។ ភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំងផ្នែកប្រព័ន្ធអេកូឡូសុីនិងតម្លៃផ្នែកវប្បធម៌ ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ។ សម្រួលផ្សាយ៖ កន ចំណាន