ក្រុងប៉ោយប៉ែត ៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងឯកឧត្តម ខេង ស៊ុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីបេីកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយយ៉ាងឱឡារិកក្រៃលែង ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងក្រុមការងារចុះមូលដ្ឋា នសង្កាត់ទាំង៥របស់ក្រុងប៉ោយប៉ែត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងមូលដ្ឋានផ្ទាល់យ៉ាងច្រេីនកុះករគួរឱ្យកត់សម្គាល់។
បន្ទាប់ពី លោក គាត ហ៊ុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត បានរាយការណ៍អំពីផែនការសកម្មភាព ការងារ និងវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រុងប៉ោយ រួចមក ឯកឧត្តម ខេង ស៊ុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានអត្ថន័យខ្លឹមសារ ប្រកបដោយឧត្តមប្រយោជន៍ និងគុណតម្លៃខ្ពស់ជូនអង្គពិធីបានជ្រាប។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនបេក្ខជន ជូនអង្គបោះឆ្នោត និងជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មលេីដំណេីរកសាង ការពារជាតិមាតុភូមិ ក្នុងស្មារតីសាមគ្គីភាព ដេីម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់បន្ថែមថា ថ្វីត្បិតការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការបោះឆ្នោតអសកល ក៏ប៉ុន្តែអង្គបោះឆ្នោតគឺជាតំណាងសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូននាពេលកន្លងមក។ ជាមួយគ្នានេះ យេីងទាំងអស់គ្នា មានកាតព្វកិច្ចបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាន នៅកម្ពុជា ឱ្យស្ថិតស្ថេរ និងរីកចម្រេីនជាយូរអង្វែង តា មមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ហេីយអង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ដេីម្បីឆ្លេីយតបនឹងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា របស់ប្រជាពលរដ្ឋកម្ពុជា៕