ជនសង្ស័យចំនួន៦នាក់​ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន !!!

ខេត្តបន្ទាយមានជ័៖នៅវេលាម៉ោង០៣និង០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចលើផ្លូវមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់​ រួមមាន​ ១/ឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅបៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),​

២/-ឈ្មោះ ជន វណ្ណឌី ហៅទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន បច្ចុប្បន្ននៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),

៣/-ឈ្មោះ នូ ទិត្យរតនៈ ហៅ ណាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្ននៅមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),​

៤/-ឈ្មោះ សន ផានី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នបន្ទប់ជួល ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់),​

៥/-ឈ្មោះ សុតធីផាត់ កៃថង់ស៊ុក ហៅបត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),

៦/-ឈ្មោះ អៀ លីម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង បច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ប៉ោយប៉ែតចាប់យកសម្ភារៈវត្ថុតាងរួមមាន​ គ្រឿងញៀនប្រភេទម្ស៉ៅម៉ត់ពណ៌ស និងក្រាមម្ស៉ៅសថ្លា (កេតាមីន) ចំនួន ២០កូនថង់កិប ទម្ងន់ ១២២,៩៣ក្រាម,​ គ្រឿងញៀនប្រភេទកេតាមីនទឹក ចំនួន ០២ប្រអប់ ស្មើនឹង ៥០ដប ទម្ងន់ ១៨១២,២ក្រាម,​ កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ២០កញ្ចប់ ទម្ងន់ ២០០,៥ក្រាម,​ កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម(អ៊ិចស្តាស៊ី) (FB ១៣កញ្ចប់+Ferrari ០៧កញ្ចប់) ចំនួន ២០កញ្ចប់ ទម្ងន់ ៣១៣ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ខ្មៅ Rolls Roycc (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៧១,១ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ផ្កាឈូក Rolls RR (អ៊ិចស្តាស៊ី) ចំនួន ០៤កញ្ចប់ ទម្ងន់ ៩,២ក្រាម គ្រាប់ថ្នាំពណ៌ផ្កាឈូក ចំនួន ០១គ្រាប់ ទម្ងន់​ ០,១៧ក្រាម​, ម៉ូតូ ចំនួន ០៤គ្រឿង​ រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ មុនឈានដល់ការបង្រា្កបកកម្លាំងមូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ លុះដល់ចំណុចលើផ្លូវមុខក្លឹបMEX CLUB បានប្រទះឃើញជនសង្ស័យឈ្មោះ ណាត់តាវុធ ស្រីសមរួម ហៅ បៀ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ជាមុខសញ្ញាគ្រឿងញៀន ដោយមានការសង្ស័យកម្លាំងបានសួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេររកឃើញមានគ្រឿងញៀនម្ស៉ៅក្រាមសថ្លា(កេតាមីន) ចំនួន ០២កូនថង់កិប ទម្ងន់ ១,៧៩ក្រាម​ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួនាំ។​ ក្រោយពីការឃាត់ខ្លួន និងបានចម្លើយសារភាពពីជនសង្ស័យខាងលើ កម្លាំងបានកំណត់មុខសញ្ញា​ ជួញដូរគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ០៥នាក់បន្ថែមទៀត​ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួនធំ​ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី

ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យ បានឆ្លេីយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ៖ ជនសង្ស័យ​ទាំង០៦នាក់ រួម​និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យហើយនៅរសៀលថ្ងៃសៅរ៍​ ទី២៧ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *