ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយខេត្តហឺណាន របស់ប្រទេសចិន ប្រារព្ធរួមគ្នាជាលើកទី១ នូវព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ»។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន នៃ ខេត្តសៀមរាប។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរំពឹងទុកថា ព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវវប្បធម៌ប្រពៃណី និងសក្តានុពល ទេសចរណ៍ របស់ប្រទេសទាំងពីរ កម្ពុជា-ចិន។
ឯកឧត្តមបន្តថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជា មានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រ ជាមួយគ្នាច្រើន ដូច ជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិ នៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ប្រវត្តិវិទូជាច្រើនបានស្គាល់ និងដឹងអំពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ តាមរយៈកំណត់ត្រាជីវ តាក្វាន់ បេសកជនពិសេសរបស់ចិន ប្រចាំនៅកម្ពុជា នៅចុងសតវត្សរ៍ទី១៣ ក្នុងសម័យកាល អាណាចក្រខ្មែរ។
ឯកឧត្តម សុខ សូកេន បន្តថា ចំណងសាមគ្គីភាព រវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតល្មួតបន្ថែមទៀត ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ន ដោយព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង។
ឯកឧត្តម សុខ សូកេន បានសូមស្នើ ឯកឧត្តម Sun Shougang បន្តជំរុញកិច្ចសហការនេះ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសជំរុញការផ្សព្វផ្សាយ អំពីគោលដៅទេសចរណ៍កម្ពុជា ទៅដល់ប្រជាជនខេត្ត ហឺណាន ក៏ដូចជាជំរុញឱ្យមាន ជើងហោះហើរត្រង់ពី ទីក្រុងនានានៃខេត្ត Henan មកកម្ពុជា ជាពិសេសមកកាន់ ខេត្ដសៀមរាប។
បន្ថែមពីនេះទៀត ក៏បានស្នើ ឯកឧត្តម បន្តគាំទ្រ និងជំរុញការចូលរួមសកម្មភាព នៃយុទ្ធនាការ «ឆ្នាំនៃការ ផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បន្តបន្ទាប់ទៀត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញនូវភាពជឿជាក់យ៉ាងមុតមាំថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានា រួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជា ជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែង ក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ ធ្វើឱ្យយើងអាចផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ ការពង្រឹងចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នា ទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញ ពីការយកចិត្តទុកដាក់ជាអាទិភាព ចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។
បើតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ឆ្នាំ២០២៣ កន្លងមក, កម្ពុជាបានទទួល ទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមាន ចំនួនប្រមាណ ៥៤ ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេលបីខែ ដើមឆ្នាំ២០២៤, កម្ពុជាបានទទួលទេសចរអន្តរជាតិ ៩៨៨,៥៧ ពាន់នាក់ កើនឡើង ១៨ភាគរយ ក្នុងនោះទេសចរចិន មានចំនួនប្រមាណ ១០៩.៩៩០នាក់ កើនឡើង ៣៨,៥ភាគរយ។
ជាមួយគ្នានោះ ឯកឧត្តម ស៊ុន ស៊ូកង (Sun Shougang) អភិបាលរងខេត្ត ហឺណាន (Henan) មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរកាន់តែច្រើនឡើង មកពីគ្រប់ទិសទី នឹងចាប់អារម្មណ៍នូវបទពិសោធនៃវប្បធម៌អង្គរ និងកោតសរសើរពីសៅលីញ កុងហ្វូ ដែលជាវប្បធម៌ដ៏ត្រចះត្រចង់នៃអរិយធម៌បូព៌ា តាមផ្លូវទសចរណ៍អន្តរជាតិហឺណាន នៃប្រទេសចិន -សៀមរាប នៃប្រទេសកម្ពុជា ខណៈដែលអង្គរវត្ត របស់កម្ពុជា ជាគុជចែងចាំង មិនត្រឹមតែជានិមិត្តរូបរបស់ កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាតំបន់បេតិកភណ្ឌវប្បធម៌ ដែលទទួលស្គាល់ជាសាកលផងដែរ។
ចំណែក លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា កម្មវិធី “When Shaolin meets Bokator at Angkor” រវាងខេត្តហឺណាន និងខេត្តសៀមរាបនាពេលនេះ គឺជាការចូលរួមចំណែកជំរុ ញឱ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ កម្មវិធី នេះ រៀបចំឡើងក្នុង គោលបំណង បង្កើនទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរ រវាងប្រជាជនខេត្តហឺណាន និងប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកជំរុញ និងផ្សព្វផ្សាយ វិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តសៀមរាប ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្រោយវិបត្តិសេដ្ឋកិច្ចនៃការរីករាលដាលជំងឺកូវីដ-១៩៕ដោយ ឃុត សៅ